Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីប្រពន្ធមួយនៅឥណ្ឌា ជួលមនុស្ស និងឆ្កែ យាមដើមស្វាយដ៏មានតម្លៃ១គីឡូ ជាង ៣០០០ ដុល្លារ ក្រោយមានចោរចូលលួចអស់ចំនួន….

ប្តីប្រពន្ធមួយមកពីរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានដាំស្វាយដែលមានតម្លៃថ្លៃបំផុតមួយចំនួនដោយចៃដន្យ ប៉ុន្តែឥឡូវនេះ ពួកគេមានដើមស្វាយ Miyazaki ដែលមានតម្លៃប្រហែល ២៧០,០០០ រូពី (ជាង ៣៦០០ ដុល្លារ) ក្នុងមួយគីឡូក្រាម នេះបើយោងតាមរបាយការណ៍របស់ប្រទេសឥណ្ឌាថ្ងៃនេះ។

អ្វីៗបានកើតឡើងកាលពី៤ឆ្នាំមុន គឺនៅពេលដែលកសិករឈ្មោះ Sankalp Singh Parihar បានធ្វើដំណើរទៅកាន់ Chennai នៅភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីរកទិញផ្លែដូងធំកូនកាត់ និងគ្រាប់សណ្តែកមួយចំនួន ប៉ុន្តែ នៅពេលនោះ គាត់ក៏ត្រូវបានគេលក់ដើមកូនស្វាយដ៏មានតម្លៃ ក្នុងតម្លៃជាង ៣០ ដុល្លារ ហើយពីរបីខែក្រោយ បន្ទាប់ពីយកមកដាំ គាត់បានកត់សម្គាល់ឃើញថា ពួកវាមានភាពខុសគ្នាឆ្ងាយពីផ្លែស្វាយទូទៅផ្សេងទៀត ដោយផ្លែស្វាយទាំងនេះបានសំបក លេចចេញជាពណ៌ក្រហមភ្លឺយ៉ាងស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ជាខ្លាំង។

Parihar លោកបាននិយាយថា «ខ្ញុំមិនដឹងថាជាពូជស្វាយអ្វីនោះទេ ប៉ុន្តែខ្ញុំដាក់ឈ្មោះវាថា Damini បន្ទាប់ពីម្តាយខ្ញុំហើយដាំវា»។

តែយ៉ាងណា បើតាមដឹង នោះវាគឺជាពូជស្វាយ Miyazaki មកពីប្រទេសជប៉ុន។ ស្វាយប្រភេទនេះ ត្រូវបានចាត់ទុកថាជាផ្លែស្វាយដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក។ គេក៏បានហៅវាជាស្វាយ «ពងមាន់ព្រះអាទិត្យ»។ Miyazaki បានដុះដ៏កម្រនៅក្នុងប្រទេសឥណ្ឌា និងត្រូវបានចាត់ទុកថាជាអំណោយដ៏ប្រណីត នៅក្នុងប្រទេសជប៉ុន។ វាតែងត្រូវបានរកឃើញថាមានការដេញថ្លៃយ៉ាងពិសេសផងដែរ។

ព័ត៌មានអំពីផ្លែស្វាយ Miyazaki ដ៏កម្រ បានរីករាលដាលពាសពេញទីក្រុង ទាក់ទាញអ្នកទិញដ៏មានសក្តានុពលដែលជាអ្នកជំនួញ។ ប្តីប្រពន្ធនេះនិយាយថា កាលពីឆ្នាំមុន មានចោរបានចូលក្នុងចម្ការរបស់ពួកគេ ដើម្បីលួចដកស្វាយអស់ចំនួន ១៤ ដើម។ ហើយបន្ទាប់ពីមានហេតុការណ៍កើតឡើង កសិករនេះក៏បានសម្រេចចិត្តជួលសន្តិសុខចំនួន ៣ នាក់ និងឆ្កែចំនួន ៩ ក្បាល ដើម្បីការពារដើមឈើដ៏កម្រនេះតែម្តង។

យោងតាម Times of India បានឲ្យដឹងថា ប្តីប្រពន្ធនេះ បានដាំដើមស្វាយ Miyazaki ចំនួន ១៥០ ដើម នៅក្នុងចម្ការរបស់ពួកគាត់ ប៉ុន្តែ បច្ចុប្បន្ននេះ គឺមានតែ៤ដើមប៉ុណ្ណោះ ដែលបានកំពុងផ្តល់ផល។

Parihar បានប្រាប់ Vice ថា គាត់មានបំណងធ្វើឱ្យផ្លែស្វាយដែលតម្លៃថ្លៃបំផុតនៅលើពិភពលោកនេះ អាចមានកាន់តែច្រើនបានសម្រាប់កសិករឥណ្ឌា។ លោកបាននិយាយថា “តាមចក្ខុវិស័យរបស់ខ្ញុំ គឺថារាល់គ្រួសារឥណ្ឌា គួរតែមានលទ្ធភាពទិញផ្លែស្វាយនេះ។ នៅក្នុងប្រទេសជប៉ុនវាថ្លៃណាស់ ពីព្រោះវាត្រូវបានដាំដុះនៅក្នុងបរិស្ថានដែលត្រូវការចំណាយថ្លៃៗ។ ចំណែកនៅប្រទេសឥណ្ឌាវិញ គឺអាចដាំវាដោយធម្មជាតិ និងកាត់បន្ថយការចំណាយផងដែរ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×