Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកញឹក ប៊ុនឆៃ ប្រកាសផ្អាកការចរចា បង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ ៖ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសផ្អាកការចរចាបង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដោយគណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្នមិនមែនដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺដឹកនាំដោយឈ្មោះ ហេង ហាក់លីម ដែលជាអ្នកតែងតែប្រឆាំងនឹងការបង្រួបបង្រួម ទើបក្រុមការងារចរចាគណបក្ស ខ្មែររួបរួមជាតិ សម្រេចផ្អាកការចរចា។
ដោយទុកពេលពីរសប្តាហ៍ ឲ្យគណបក្សហ៊្វុនស៊ិនប៉ិចដោះស្រាយឈប់ឱ្យបុគ្គលឈ្មោះ ហេង ហាក់លីម ដែលគ្មានតួនាទីក្នុងគណបក្សមកជ្រៀតជ្រែក និងចាត់ចែងកិច្ចការគណបក្សជាបន្តទៀត។
ការប្រកាសផ្អាកការចរចានេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

លោកញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ការបង្កការលំបាក និងភាពស្មុកស្មាញ ដែលមិនអាចឱ្យការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យទៅជាគណបក្សហ៊្វុ នស៊ិនប៉ិច តែមួយបាន គឺការបង្កឡើងដោយឈ្មោះ ហេង ហាក់លីម ដែលជាអ្នកបម្រើផ្ទាល់ថ្នាក់ដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ ដែលគ្មានតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ហើយដើរតួនាទីជាថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដូចជាការសម្រេចដូចខាងក្រោមនេះ៖ ក្រុមការងារចរចាគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មិនចាំបាច់មានលិខិត តែងតាំង គឺនិយាយគ្នាតែមាត់ទទេ ហើយផ្លាស់ប្តូរលទ្ធផលចរចាគ្នានេះស្រេចតែចិត្តគ្រប់ពេល។
មិនឱ្យមានរចនាសម្ព័ន្ធដឹកនាំគណបក្ស នូវតួនាទីជាអគ្គលេខាធិការ ដោយយកមកជំនួសវិញដោយខុទ្ទកាល័យ ដែលរូបគេ (ហេង ហាក់លីម) ចង់ធ្វើជានាយកខុទ្ទកាល័យនេះឯង។ ដោយចោទថា ប្រធានក្រុមការងារចរចាគណបក្សហ៊្វុនស៊ិនប៉ិច ជាមនុស្សរបស់លោកញឹក ប៊ុនឆៃ ហើយមានបំណងសើរើរៀបចំថ្មី និងមិនទទួលស្គាល់លទ្ធផលដែលក្រុមការងារគណបក្សទាំងពីរ បានឯកភាពគ្នាហើយ ដូចជាពិធីសារការរួមបញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ, គោលនយោបាយអទិភាព១៣ចំណុច និងលក្ខន្តិកៈ បទបញ្ជាផ្ទ ក្នុងគណបក្ស។ល។ មានបំណងចង់ដាក់អ្នកនេះ អ្នកនោះឱ្យធ្វើជាអគ្គលេខាធិការ គណបក្សហ៊្វុនស៊ិនប៉ិច រួបរួមគ្នាថ្មីនេះ ដែលគ្មានសមត្ថភាព ចំណេះដឹងផ្នែកកិច្ចការរដ្ឋបាល ច្បាស់លាស់មកដឹកនាំ ដែលជាមនុស្សរបស់គេផ្ទាល់ ធ្លាប់បានទទួលផលប្រយោជន៍កន្លងមក។

លោកបានបន្តថា ដោយមើលឃើញពីស្ថានភាពគណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្នមិនមែនដឹកនាំ ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៀតទេ គឺដឹកនាំដោយឈ្មោះ ហេង ហាក់លីម នេះ ដែលជាអ្នកតែងតែប្រឆាំងនឹងការបង្រួបបង្រួមគ្នានេះ ទើបគណបក្សខ្មែររួបរួមជាតិ បានសម្រេចការផ្អាកការចរចាគ្នានេះ ដោយថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ ត្រូវនាំគ្នាចុះទៅមូលដ្ឋាន និងត្រូវជួសជុលស្លាកគណបក្សឡើងវិញ ទាំងអស់ទូទាំងប្រទស ដោយមិនអាចអូសបន្លាយពេលវេលាទៀតបានទេ សម្រាប់ការចូលរួការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលដ៏ខ្លីខាងមុខនេះ។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា ក្នុងករណីដែលគណបក្សហ៊្វុនស៊ិនប៉ិច មានបំណងធ្វើការចរចាគ្នាឡើងវិញ ក្នុងការបង្រួបបង្រួមគ្នានេះ សុំឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ដោះស្រាយឈប់ឱ្យបុគ្គលឈ្មោះ ហេង ហាក់លីម នេះ ដែលគ្មានតួនាទីក្នុងគណបក្សមកជ្រៀតជ្រែក និងចាត់ចែងកិច្ចការគណបក្សជាបន្តទៀត។
កំណត់ពេលវេលារយៈពេលពីរសប្តាហ៍គិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងការចរចាបញ្ចប់បញ្ហាដែលនៅសេសសល់បន្តិចបន្តួច រួចហើយឈានទៅធ្វើសមាជបញ្ចូលគ្នានេះ។ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវរក្សាអ្វីៗ ដែលក្រុមការងារគណបក្សទាំងពីរបានឯកភាពគ្នារួចហើយ ឱ្យនៅដដែល ដូចជាពិធីសារ, គោលនយោបាយអទិភាព១៣ចំណុច, លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង។ល។ ក្រៅពីការរៀបរាប់ខាងលើនេះ គឺគណបក្សខ្មែររួបរួមជាតិ មិនអាចធ្វើការចរចាអ្វីបានទៀតទេ។

ចំណែកលោកផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់ CEN នៅរសៀលថ្ងៃទី២៨ ខែមិថុនានេះថា ចំពោះការលើកឡើងរបស់លោកញឹក ប៊ុកឆៃ គឺលោកសុំធ្វើការសិក្សាសិន។ ប៉ុន្តែលោកបានបញ្ជាក់ថា “ការចរចាកន្លងមកនេះ មិនដែលមានការរកាំរកុះអីទេដំណើរការទៅមុខល្អហើយ ចំពោះចំណុចអវិជ្ជមានដែលឯកឧត្តម ញឹក ប៊ុនឆៃ បានលើកឡើង គឺខ្ញុំមិនទាន់ដឹងអស់សេចក្តី កុំឲ្យខ្ញុំឆ្លើយទៅវាប្រាសចាកពីការពិត។ ខ្ញុំមិនមានយោបល់អីទេ មានបុគ្គលម្នាក់ពីរនាក់ធ្វើឲ្យល្អក់កករ ប៉ុន្តែជាគោលលការណ៍ ដែលយើងជជែកគ្នាកន្លងមក វាអអត់មានអីជាឧបសគ្គអីធំដុំទេ គ្រាន់តែនៅបច្ចេកទេសទេរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ គោលការណ៍ធំៗដូចជាត្រូវគ្នាអស់ហើយ”។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ចំពោះលិខិតរបស់គណបក្សខ្មែររួបរួមជាតិកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គឺលោកបានឃើញហើយ ដោយលោកហេង ចាន់ថា ប្រធានក្រុមការងារចរចារខាងគណបក្សហ៊្វុនស៊ិនប៉ិច កំពុងតែត្រៀមលិខិតឆ្លើយតបទៅគណបក្សខ្មែររួបរួមជាតិវិញ។

សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោកញឹក ប៊ុនឆៃ បានជួបសម្តេចក្រមព្រះនៅដំណាក់វាលស្បូវ ដោយព្រះអង្គបានបបួលរួបរួមគ្នាឡើងវិញ រវាងគណបក្សខ្មែរួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ដោយពេលនោះ លោកញឹក ប៊ុនឆៃ បានគាំទ្រនិងដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចក្រុមព្រះ។ នៅចុងឆ្នាំ២០១៩ ក្រុមការងារគណបក្សទាំងពីរ ចាប់ផ្តើមធ្វើការចរចាគ្នា ហើយក្រុមការងារទាំងពីរ បានប្រជុំពិភាក្សាគ្នាជាច្រើនលើករហូតបានឯកភាពគ្នា គឺពិធីសារស្តីពីការរួមបញ្ចូលគ្នា របស់គណបក្សទាំងពីរ គោលនយោបាយអាទិភាព ១៣ចំណុច លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស…៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×