Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកចាក់វ៉ាក់សាំងទី៤លាន ជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ហើយសម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់១០លានរៀល និងសម្ភារៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៤លាន ដែលបានទៅលើយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង។ យុទ្ធជនពិការនឹងទទួលបានថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារលើផេកហ្វេសបុកផ្លូវការថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

សម្តេចបានបន្តទៀតថា “ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារថវិការទៅជូនប្អូនសូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក”។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំ ចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវ ការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវចាក់។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើកុំមានជំនួយឧបត្ថម្ភ ពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយ យើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជា កំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំង ដែលគ្មានច្រកចេញ»៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×