ភ្នំពេញ ៖ ឧកញ៉ាថៅកែឆ្នោត K9 កំពុងតែបើកលេងឆ្នោតវៀតណាម យ៉ាងអាណាធិបតេយ្យនៅក្នុងខេត្តកំពត ដោយសារតែអាងឥទ្ធិពលឧកញ៉ាម្នាក់ នៅពីក្រោយខ្នង និងមានក្រុមអ្នករត់ការ ចាំជួយអន្តរាគមន៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធថែមទៀតផង នៅពេលដែលកើតមានបញ្ហាកើតឡើង។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ថៅកែឆ្នោត K9 គឺកាងផ្តាច់មុខនៅក្នុងខេត្តកំពត ដោយមិនឲ្យមានអ្នកណារកស៊ីកត់ឆ្នោតវៀតណាមបាននោះទេ។ តែបើអ្នកណាមិនកត់ឆ្នោតឲ្យខ្លួន គឺច្បាស់ជាមានបញ្ហាជាក់ជាពុំខាន ដូចជាក្រុមកាងចូលអុកឡុក និងគំរាមកំហែងថែមទៀតផង។
ដូចជានៅស្រុកកំពង់ត្រាច កាលពីប៉ុន្មានថ្ងៃមុនេះ មានក្រុមកាងឆ្នោតវៀតណាម ឲ្យថៅកែឆ្នោត K9 ចុះទៅអុកឡុកចូលដល់ក្នុងផ្ទះអ្នកកត់ឆ្នោត ដែលមិនកត់ឲ្យថៅកែ K9។ ហើយសកម្មភាពក្រុមនេះ បានដើរអុកឡុកគ្រប់កន្លែង ជាពិសេសនៅកន្លែងកត់ឆ្នោតវៀតណាម ដែលមិនកត់ឲ្យថៅកែ K9 ។
ចំណែកស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា លោកដឹងថា K9 មកពីណាទេ មិនដឹងថា ឧកញ៉ាខ្នា មិនឧកញ៉ាខ្នា ទេ។ ក៏ប៉ុន្តែលោកបានឃើញក្រុមការងារគាត់ គឺយកអាជ្ញាប័ណ្ណ ដែលជាអាជ្ញាប័ណ្ណរបស់អ្នកឧកញ៉ា គិត ម៉េង។
អាជ្ញាប័ណ្ណស្របច្បាប់ ទទួលស្គាល់ ក៏ប៉ុន្តែអ្វីដែលនៅក្រោយអាជ្ញាប័ណ្ណ ដែលខុសច្បាប់ គឺមិនអនុញ្ញាតទេ។ ហើយកន្លងមកនេះ មិនមានសមត្ថកិច្ចណា ចុះទៅធ្វើការតាមការបង្គាប់បញ្ជារបស់ឈ្មួញណា គឺអត់មានទេ។ នៅពេលដែលទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកទូរស័ព្ទប្រចាំការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត គឺលោកឲ្យកម្លាំងចុះទៅធ្វើការ ហើយអត់មានថា ឧកញ៉ានេះ ឧកញ៉ានោះ គឺអត់ទេ អ្វីដែលខុសច្បាប់ធ្វើតាមនឹង។

លោកស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ទៀតថា លោកបានឲ្យកម្លាំងចុះតាមស្រុកទាំងអស់ ត្រួតពិនិត្យមើលកន្លែងណាដែលថា K9 , K10 ខុសច្បាប់ លោកធ្វើទាំងអស់។ ពាក់ព័ន្ធល្បែងឆ្នោតខុសច្បាប់នេះ វាពាសវាលពាសកាល មិនមែនតែនៅកំពតទេ ហើយការលួចលេងនឹង គឺពួកគាត់ពេលឃើញសមត្ថកិច្ចគាត់លាក់គាត់ពួនចឹងទៅ សមត្ថកិច្ចទៅបាត់គាត់លេងទៅ ហើយសមត្ថកិច្ចទ្រោលសភាពការណ៍គ្រប់មុខទាំងអស់ ហើយបើយកចិត្តទុកដាក់ ចាំតែមើលអារឿងឆ្នោតនឹងមួយ ប៉ូលិសមិនបានទៅធ្វើអីផ្សេងទេ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងថា លោកមិនដែលបណ្តែតបណ្តោយ ឲ្យមានល្បែងស៊ីសងអាណាធិបតេយ្យ នៅក្នុងខេត្តកំពត គឺអត់ទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

