ភ្នំពេញ ÷ យុវជនម្នាក់ត្រូវបានបាត់បង់ជីវិត នៅឆ្ងាយពីម៉ូតូមួយគ្រឿង ដែលមិនទាន់បញ្ជាក់ពីសមត្ថកិច្ច ថាជាករណីដួលខ្លួនឯង ឬក៏ជាករណីហឹង្សានៅឡើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០០ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ចំណុចច្រកចូលវត្តពោធិញាណ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ៣៩ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ មើលភិនភាគទៅអាយុប្រហែលជាង២០ឆ្នាំជាង ឃើញមានពាក់អាវពណ៌សដៃវែង ខោខ្មៅជេីងវែង និងស្បែកជើងប៊ួរពណ៌ខ្មៅ និងមានម៉ូតូមួយគ្រឿង ម៉ាក SUZUKI Nek ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FQ-6468។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឮស្នូសំឡេងម៉ូតូដួលប្រាវអូស ទៅបុកនឹងធូផ្កា និងដងឆាត់នៅជាប់ចិញ្ចើមផ្លូវ បន្ទាប់មកពួកគាត់បាននាំគ្នា ចេញមកក្រៅមើល ក៏ឃេីញយុវជនម្នាក់ ដេកដួលស្លាប់ដោយខ្លួនឯងមានស្លាកស្នាម នៅក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ ចំណែកម៉ូតូវិញ ខ្ទាតទៅបុកថូផ្កានៅជាប់ជញ្ជាំងផ្ទះ ក្រោយមកទេីបពួកគាត់បាននាំគ្នារាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះមកពិនិត្យភ្លាមៗ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ យកខ្សែព័ទ្ធជុំវិញកន្លែងកើតហេតុ បន្ទាប់មកក៏បានទាក់ទង ទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យ ដេីម្បីឲ្យដឹងថា តើជាករណីវាយសម្លាប់ ឬក៏ដួលស្លាប់ដោយខ្លួនឯង ។ ក្រោយមកសមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ជាករណីអ្វីនៅឡើយនោះទេ រង់ចាំឆែកកាមេរ៉ាសុវត្ថិភាពបន្តទៀត៕ រក្សាសិទ្ធិដោយ៖ សា មេត


