ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូងមានគម្រោង ចូលរួមសមយុទ្ធកងទ័ពនាវាចរទ្រង់ទ្រាយធំ ជាមួយនឹងសហរដ្ឋអាមេរិក និងអូស្រា្តលីដែលនឹងធ្វើឡើងនៅខែក្រោយនេះ។
កងទ័ពជើងទឹក នឹងបញ្ជូននាវាពិឃាតកម្រិត ៤.៤០០ តោនក្នុងសមយុទ្ធ Talisman Saber ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែកក្កដាក្នុងដែនទឹកអូស្ត្រាលី។ សមយុទ្ធប្រចាំឆ្នាំនេះ គឺជាសកម្មភាព
បណ្តុះបណ្តាលទ្វេភាគីធំបំផុតរវាងសហរដ្ឋអាមេរិក និងអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Boo Seung-chan បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«យើងបានសម្រេចចិត្តចូលរួមសមយុទ្ធជាលើកដំបូងនៅឆ្នាំនេះជាមួយគោលដៅដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការធ្វើប្រតិបត្តិការរួមគ្នា» ។
អ្នកខ្លះនិយាយថា សមយុទ្ធនេះមានគោលបំណងដើម្បីទប់ទល់នឹងប្រទេសចិន ជាពិសេសនៅពេលមានទំនាក់ទំនងមិនសមប្រកបរវាងអូស្រ្តាលីនិងចិន ប៉ុន្តែលោកBooបាននិយាយថា សមយុទ្ធនេះមិនមានគោលបំណងធ្វើដាក់ចំពោះប្រទេសជាក់លាក់ណាមួយនោះទេ។ យោងតាមយោធាអូស្រ្តាលី ប្រទេសអង់គ្លេស កាណាដា នូវែលហ្សេឡង់ និងជប៉ុនក៏នឹងចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះផងដែរ ខណៈបារាំង ឥណ្ឌា និងឥណ្ឌូនេស៊ីនឹងធ្វើជាប្រទេសសង្កេតការណ៍។
ការធ្វើសមយុទ្ធនៅឆ្នាំនេះនឹងត្រូវធ្វើឡើងក្នុងលក្ខណៈទ្រទ្រង់ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ដែលមានបុគ្គលិកប្រហែល ១៧.០០០ នាក់នឹងចូលរួមក្នុងសមយុទ្ធនេះ រឺប្រហែលពាក់កណ្តាលនៃសមយុទ្ធឆ្នាំ ២០១៩ នេះបើយោងតាមក្រសួងការពារជាតិអូស្ត្រាលី។ កងទ័ពបរទេសប្រហែល ១.៨០០ នាក់កំពុងចូលក្នុងប្រទេសអូស្ត្រាលី និងកំពុងស្ថិតនៅកន្លែងចត្តាឡីស័ករយៈពេល ២ សប្តាហ៍៕
ប្រភព៖ The Korean Herald
រក្សាសិទ្ធិដោយ៖CEN

