ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្ត ជាពិសេសអ្នកស្នេហាវិស័យបាល់ទះ បានស្គាល់ច្បាស់ហើយ ពីជើងខ្លាំងបាល់ទះដ៏ល្បីឈ្មោះ គឺកីឡាករ វ៉េត សុវណ្ណនាថ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកទស្សនា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ ជាមួយនិងភាពសមត្ថភាពលេងបាល់ទះដ៏ខ្លាំងអស្ចារ្យ និងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទីរ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដៃគូដ៏ស័ក្តិសមរបស់ជើងខ្លាំង ម៉ាប់ ឆ្វេង រូបនេះ បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា រូបគេបានសល់ដីម៉ឺនៗដុល្លារចំនួន២កន្លែង និងសល់របស់ទ្រព្យប្រើប្រាស់ផ្សេងៗទៀត រួមមានដូចជា ខ្សែក ខ្សែដៃ ទូរស័ព្ទទំនើបៗ និងរថយន្តជាដើម។
តែយ៉ាងណា សុវណ្ណនាថ ក៏បានបញ្ជាក់ថា របស់ទ្រព្យ និងដីធ្លី ដែលមានទាំងអស់នេះ គឺមិនមែនសល់ពីការដើរលេងបាល់ភ្នាល់លុយនោះទេ ប៉ុន្តែ តាមពិតទៅ គឺបានមកពីការរកស៊ីលក់ផលិតផលអនឡាញដូចជា សាប៊ូកក់សក់ និងអាវកៅស៊ូហាត់ប្រាណផ្សេងៗ ដែលមានប្រពន្ធជាអ្នករ៉ាប់រង។ ហើយព្រោះតែមានកេរ្តិ៍ល្បីល្បាញ និងជាពិសេសប្រពន្ធក៏មានថ្វីមាត់ក្នុងការនិយាយស្តីលេងសើចជាមួយហ្វេនៗផងនោះ ជាហេតុធ្វើឲ្យរបររកស៊ីអនឡាញមួយនេះ ឃើញថាបានលក់ដាច់ច្រើនគួរសម ក្នុងមួយថ្ងៃៗពីអតិថិជន និងអ្នកគាំទ្រស្រឡាញ់ចូលចិត្តអ្នកទាំងពីរ។

ក្រៅពីនេះ កីឡាករបាល់ទះមានរហ្សនាម «ប្តូរចង្កេះលើអាកាស» រូបនេះ ក៏បានបន្ថែមឲ្យដឹងថា ក្រៅពីលេងបាល់ទះ និងជួយរកស៊ីលក់ដូរប្រពន្ធ រូបគេក៏អាចរកប្រាក់ចំណូលបន្ថែម តាមរយៈក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយ ដែលហៅថតពាណិជ្ជកម្មដែលមានរយៈពេលកុងត្រា១ឆ្នាំ ផងដែរ។
តែយ៉ាងណា ការរៀបរាប់ពីការសល់ទ្រព្យខាងលើ កីឡាករល្អផ្តាច់ទាំងស្មាត់ និងបាំង ដែលមានឈាមជ័រជាអ្នកខេត្តកណ្តាល និងបានប្រពន្ធដ៏ស្រស់ស្អាតជាអ្នកខេត្តព្រៃវែង សុវណ្ណនាថ ក៏បានបញ្ជាក់ថា នេះគឺមិនមែនជាការអួតអាងបង្ហាញទ្រព្យឡើយ ព្រោះរូបគេ និងភរិយា រកបានក៏មិនច្រើនណាស់ណានោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















