Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីលទ្ធផលនៃការស្ថាបនាផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប

សៀមរាប ÷ ក្នុងសកម្មភាពចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនានៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកឡើងវិញអំពីគម្រោងស្ដារ ស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាប ថា គិតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ល្បឿននៃការស្ថាបនាផ្លូវ ៣៨ខ្សែនេះ សម្រេចបាន ៦៤%ហើយ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវយុទ្ធសាស្ត្រទាំង ៣៨ខ្សែ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងភ្ញៀវទេសចរនេះ មានប្រវែងសរុប ១០៨គីឡូម៉ែត្រ , ធ្វើប្រព័ន្ធលូបង្ហូរទឹកភ្លៀង បង្ហូរទឹកកខ្វក់នាំចេញពីក្រុងសៀមរាប ហើយប្រព័ន្ធលូនេះទៀតសោត ធ្វើអមផ្លូវ ៣៨ខ្សែនេះផង និងផ្លូវ៤០ខ្សែរផ្សេងទៀតផង។ ការអនុវត្តទៅលើការងារនេះ មានក្រុមជំនាញ ៨ក្រុម ដូចជា កងវិស្វកម្ម៣កង , ក្រុមការងារនៃមន្ទីរសាធារណការខេត្តសៀមរាប , ក្រុមការងារគ្រឿងចក្រធំៗនៃនាយកដ្ឋានជួសជុលថែទាំផ្លូវ របស់ក្រសួងសាធារណការ។

សូមបញ្ជាក់ថា ការស្ថាបនាផ្លូវ ៣៨ខ្សែនេះ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទម្លាក់ថវិកា ១៥០លានដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាសន្សំសំចៃរបស់រាជរដ្ឋាភិបាល ទុកសម្រាប់ប្រើប្រាស់ប្រយោជន៍ជាតិ ឥឡូវនេះយើងបានប្រើប្រាស់ចំគោលដៅហើយ គឺលើកកម្ពស់សោភ័ណភាពក្នុងខេត្ត, កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងស្រូបទាញភ្ញៀវទេសចរ។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ផ្លូវដែលត្រូវស្ថាបនាបេតុងអ៊ុតកៅ AC ទាំង ៣៨ខ្សែនេះ ត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រោងធ្វើឲ្យរួចរាល់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ គឺមានរយៈពេល ១៣ខែ , ប៉ុន្តែគិតមកដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ គឺក្រុមការងារធ្វើផ្លូវនេះ សម្រេចបាន ៦៤%ហើយ , ចំណែកប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ សម្រេចបាន ៩០% , ប៉ុន្តែបើយើងនិយាយចំពោះតែប្រព័ន្ធលូអមផ្លូវ ៣៨ខ្សែនេះវិញ គឺធ្វើបាន ៨៧% , រីឯគ្រឿងបរិក្ខារអមផ្លូវ ដូចជា ការដាំបង្គោលភ្លើង ដាក់ភ្លើងស្តុប ដាំដើមឈើ ជាដើម ទើបតែធ្វើបាន ៤០% ប៉ុណ្ណោះទេ ដោយសារយើងរង់ចាំផ្លូវធ្វើហើយ ទើបបំពាក់គ្រឿងបរិក្ខារតាមក្រោយបង្ហើយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×