បុរសម្នាក់ឈ្មោះ ហូ វ៉ាន់ឡាង សព្វថ្ងៃមានអាយុ ៤៩ ឆ្នាំ ដែលបានរស់នៅក្នុងព្រៃ នៃប្រទេសវៀតណាម ជាមួយឪពុក និងប្អូនប្រុសឈ្មោះ ទ្រី អស់រយៈពេល ៤១ ឆ្នាំ ត្រូវបានដឹងថា គឺគាត់មិនដែលបានគិតថាមានស្រ្តីនោះទេ និងក៏មិនដឹងថាការរួមសម្ព័ន្ធផ្លូវភេទជាអ្វីនោះដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុករបស់ ហូ វ៉ាន់ ដែលមានឈ្មោះថា ហូ វ៉ាន់ថាញ់ បានភៀសខ្លួនជាមួយកូនប្រុសទាំងពីររបស់គាត់ បន្ទាប់ពីគ្រាប់បែករបស់អាមេរិក បានទម្លាក់សម្លាប់ប្រពន្ធ និងកូនពីរនាក់ផ្សេងទៀតរបស់គាត់ ក្នុងអំឡុងសង្គ្រាមវៀតណាម នៅក្នុងអំឡុងឆ្នាំ១៩៧២។
នៅពេលពួកគេរស់នៅក្នុងព្រៃ គឺពួកគេបានឃើញតែមនុស្ស ៥ នាក់ផ្សេងទៀត ក្នុងរយៈពេលបួនទសវត្សរ៍ ហើយក៏បានរត់ចេញពីពួកគេទាំងនោះរាល់ដង នៅពេលបានឃើញស្រមោលម្តងៗ។ ប៉ុន្តែកាលពី ៨ ឆ្នាំមុន បុរសឪពុកកូនទាំងបីនាក់ ត្រូវបានគេជួយសង្គ្រោះពីជីវិតដាច់ស្រយាលរបស់ពួកគេ នៅក្នុងស្រុក Tay Tra នៃខេត្ត Quang Ngai ហើយបាននាំទៅដល់ភូមិមួយដែលមានស្ត្រីរស់នៅផងដែរ។

លោក Alvaro Cerezo ដែលបានតាមដានក្រុមគ្រួសារនេះ កាលពីឆ្នាំ ២០១៥ បានប្រាប់សារព័ត៌មាន news.com.au ថា «ពួកគេតែងតែរត់គេចខ្លួន នៅពេលដែលពួកគេបានឃើញមនុស្សពីចម្ងាយ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺថាសព្វថ្ងៃនេះ ទោះបីវាអាចបែងចែករវាងបុរស និងស្ត្រីក៏ដោយ ក៏គាត់នៅតែមិនទាន់ដឹងពីភាពខុសគ្នាយ៉ាងសំខាន់ រវាងពួកគេដែរ»។
លោក Alvaro បន្តថា «ខ្ញុំអាចបញ្ជាក់បានថា ឡាង មិនដែលមានចំណង់ផ្លូវភេទនោះឡើយ ហើយសភាវគតិនៃការបន្តពូជរបស់គាត់ ក៏មិនដែលបង្ហាញចំពោះរឿងនេះដែរ»។

យោងទៅតាមឯកសារ Docastaway បានឲ្យដឹងថា លោក ឡាង មានភាពស្ទាត់ជំនាញក្នុងការបរបាញ់សត្វព្រៃតាមមធ្យោបាយចាំបាច់ណាមួយ ហើយអាចបរិភោគ និងរស់នៅពេញវាលរហោស្ថានបាន។ របបអាហាររបស់គាត់រួមមាន៖ ផ្លែឈើ ទឹកឃ្មុំ ស្វា ពស់ ចចក និងកង្កែប ហើយតាមមើលទៅ ផ្នែកដែលគាត់ចូលចិត្តជាងគេគឺកណ្តុរ។
ចំណែក បងប្រុសរបស់គាត់ឈ្មោះ ទ្រី វិញបានពិពណ៌នាថា គាត់គឺជា “ទារកក្នុងរាងកាយរបស់បុរស” ប៉ុណ្ណោះ។
គាត់បាននិយាយថា ឡាងមិនយល់ពីគំនិតសង្គមមូលដ្ឋានបានច្រើនទេ ព្រោះឡាងបានចំណាយពេលពេញមួយជីវិតរបស់គាត់នៅក្នុងព្រៃ។ តែយ៉ាងណា អ្វីៗទាំងអស់គឺដោយសារឪពុករបស់គាត់ មិនដែលពន្យល់ប្រាប់ដល់កូនប្រុសពីអ្វីដែលបានកើតឡើង និងសូម្បីពាក្យថាមានម្តាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






