Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នឹងអនុម័តដាក់ឲ្យប្រើប្រាស់ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)”ក្នុងពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍, នាព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ផែនការមេ នេះមានលក្ខណៈជាផែនការសមាហរកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិរយៈពេល ២០២១-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ដោយផ្តោតទី១៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណផាព ប្រកបដោយឧត្តមានុវត្តន៍។ និងទី២៖ ខេត្តមណ្ឌលគិរី ជាមជ្ឍមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឍមណ្ឌលសម្រាប់តំបន់ភាគឦសាន។ និងទី៣ ខេត្តមណ្ឌលគិរី ជាខេត្តដែលការគិតគូរច្បាស់លាស់នូវទស្សនទាន ការអភិវឌ្ឍហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិវឌ្ឍ។
ក្នុងនោះផងដែរ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” កំណត់ចក្ខុវិស័យសំខាន់ៗដូចខាងក្រោម៖ ខេត្តមណ្ឌលគិរី កំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់ការបំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងប្រមាណជា ២លាននាក់ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែងនិងបង្កើតចំណួលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១.០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព ចំនួន ២ដង ចាក់បញ្ជូលក្នុងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។
បន្ថែមលើនេះ វារួមចំណែក ធ្វើឲ្យតំបន់ភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និង តំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។ វាក៏នឹងរក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយ សមធម៌ ទៅដល់ ភាគីពាក់ព័ន្ធ។

ជាលទ្ធផល អង្គប្រជុំ បានពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការមេ និងសម្រេចគាំទ្រជាស្មារតីរួម លើខ្លឹមសារសំខាន់ៗ នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)”។ ក្រុមការងារបច្ចេកទេសត្រូវបញ្ចូលធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីរៀបចំជាសេចក្តីព្រាងចុងក្រោយ ដើម្បីគោរពជូនរាជរដ្ឋាភិបាល និងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ៕រក្សាសិទ្ធិដោយ៖CEN

×