ភ្នំពេញ ៖ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្តេជ្ញាអនុវត្តតាមច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត ដែលបានកំណត់ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងការបោះឆ្នោតនិមួយៗ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
ការបញ្ជាក់របស់ប្រធានគជប បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ គឺមួយថ្ងៃមុនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះនៅទីស្តីការ គ.ជ.ប។
លោកប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានមានប្រសាសន៍ប្រាប់ថា ការងារគ.ជ.ប គឺជាស្ថាប័នមួយដែលត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមានពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ដូចជាលិខិតបទដ្ឋាន បទបញ្ជាផ្ទៃ បទបញ្ជា និងនីតិវិធីផ្សេងៗ ដែលបានកំណត់ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងបោះឆ្នោតនិមួយៗ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
ជាមួយគ្នានេះ ប្រធានថ្មីគជប ក៏បានធ្វើការឆ្លើយតបទៅនិងការរិះគន់ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំង និងមន្ត្រីសង្គមស៊ីវិលមួយចំនួនតូចពាក់ព័ន្ធការជ្រើសរើសប្រធាន គ.ជ.ប ថា គ្មានតម្លាភាព និងមិនទូលំទូលាយ និងអំពីសមត្ថភាពការដឹកនាំរបស់ប្រធានថ្មី គ.ជ.ប មិនមានបទពិសោធន៍ក្នុងវិស័យបោះឆ្នោត គឺជាការមិនត្រឹមត្រូវ។
លោកប្រាជ្ញ ចន្ទ បានមានប្រសាន៍ថា ការជ្រើសរើសប្រធាន គ.ជ.ប នេះ គឺមានគណៈកម្មាការមួយ ដោយគេកំណត់លក្ខណៈវិនិច្ឆ័យ បេក្ខជនទាំងឡាយដែលចង់ដាក់ពាក្យត្រូវតែបំពេញលក្ខខណ្ឌដើម្បីគេពិនិត្យ នៅពេលគេពិនិត្យគ្រប់លក្ខណៈសម្បត្តិហើយបានគេជ្រើសរើសទទួលយកពាក្យនោះ ហើយគេបានធ្វើតាមនីតិវិធីបញ្ជូនទៅគណបក្សនយោបាយដែលពាក់ព័ន្ធ ហើយមកសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដាក់ជូនសភាអនុម័ត ទើបបោះឆ្នោតចុងក្រោយ និងបន្តនីតិវិធីតទៅទៀត។ គេធ្វើទៅតាមបែបបទ។
លោកប្រាជ្ញ ចន្ទ បានមានប្រសាសន៍បញ្ជាក់ថា “ការរិះគន់ជារឿងរបស់គេ ប៉ុន្តែជារឿងសំខាន់យើងធ្វើឲ្យបានត្រឹមត្រូវតាមបែបបទនីតិវិធី។ អ្នកខ្លះវាយតម្លៃនៅពេលដែលមិនទាន់បំពេញការងារ យើងខ្ញុំមិនយល់ដែរ មិនដឹងថាគេផ្អែកទៅលើមូលដ្ឋានអីដើម្បីវាយតម្លៃ បានន័យថាការវាយតម្លៃនេះតាមឆន្ទៈដែលចង់ថាតែម្តង ដោយមិនបានផ្អែកទៅលើលទ្ធផលនៃការងារដែលបំពេញ។ ធម្មតាយើងវាយតម្លៃដែលឃើញគេបំពេញការងារហើយ បានគេវាយតម្លៃសន្និដ្ឋានបាន”។
សូមជម្រាបថា អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយទទួលបានសំឡេងយល់ព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
លោកប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប។
ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ ការលែងពីតំណែងគជប របស់លោកស៊ិក ប៊ុនហុក គឺដោយសារបញ្ហាសុខភាព និងមានវ័យចំណាស់៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ