កោះកុង ៖ លោកជំទាវ ឱ វណ្ណឌីន នាំយកថវិកាសម្តេចតេជោចំនួន ១០លានរៀល ជូនលោកពូ សូ សយ អាយុ ៦៥ឆ្នាំ អតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេង សព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹង ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៤លាន ។

លោកពូ សូ សយ មានទឹកចិត្តរំភើប សប្បាយរីករាយ និងបានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់វ៉ាក់សាំងជូនប្រជាជនខេត្តកោះកុង ព្រមទាំងបាន អរគុណសម្តេចពិជ័យ ដែលបានរៀបចំក្រុមការងារចុះមកចាក់វ៉ាក់សាំងដោយផ្ទាល់ដល់មូលដ្ឋាន ដែលជាភាពងាយស្រួលដល់ការធ្វើដំណើរមកចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋ។
លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុងបានថ្លែងក្នុងឱកាសនោះផងដែរថា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានរៀបចំឱ្យមានការផ្តល់រង្វាន់រាល់អ្នកចាក់វ៉ាក់សាំង លេខរៀងលំដាប់ទី ១លាន ម្តង ធ្វើឱ្យប្រជាពលរដ្ឋរំភើបរីករាយក្នុងការចាក់វ៉ាក់សាំង។

បើតាមលោកស្រីមិថុនា ភូថង សូមគោរពជូនពរសម្តេចតេជោ មានសុខភាពល្អ អាយុវែងយឺនយូរ ដឹកនាំគណបក្សប្រជាជនទទួលបានជោគជ័យ និងដឹកនាំប្រទេសជាតិមានភាពរីកចំរើនជាបន្តបន្ទាប់ មានសុខសន្តិភាពជូនកម្ពុជារហូត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជននិងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក
បុទុមសាគរ ខេត្តកោះកុង។

សម្តេចបានបន្តថា ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវឱ វណ្ណឌីន
នឹងនាំសម្ភារថវិកាទៅជូនប្អូនសូ សយនិងក្រុមគ្រួសារដោយផ្ទាល់។
សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។
សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើឲ្យកម្ពុជា ឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុង ស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ











