តាកែវ ៖ គួររម្លឹកបន្តិចថា កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះ ក្នុងនោះមានទាំងមន្រ្តីមកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានចុះដកហូតសត្វតោឈ្មោលមួយក្បាល ពីម្ចាស់ផ្ទះជនជាតិចិនមួយកន្លែង ដែលមានអស័យដ្ឋានផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីមានប្រជាពលរដ្ឋជិតខាង បានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោដោយខុសច្បាប់ ពីសំណាក់បុរសជនជាតិចិននៅក្នុងផ្ទះវីឡាងខាងលើ។

បើយោងតាមទំព័រហ្វេសប៊ុក Widlife Alliance បានបង្ហោះឲ្យដឹងផងដែរថា សត្វតោឈ្មោលនេះ គឺត្រូវបានម្ចាស់ផ្ទះជនជាតិចិននោះ យកមកចិញ្ចឹមតាំងពីនៅកូនតូចមកម្ល៉េះ ដែលនៅពេលនេះ វាមានអាយុ១ឆ្នាំកន្លះ ហើយ និងមានទម្ងន់ ៧០ គីឡូក្រាម។ តែយ៉ាងណា សត្វតោឈ្មោលនេះដែលត្រូវបានដឹងថាស៊ីសាច់ឆៅមួយថ្ងៃ ៦ ទៅ ៧ គីឡូក្រាម ត្រូវបានយកទៅចិញ្ចឹមបន្ត នៅឯមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រួចហើយផងដែរ។
ដោយឡែក ក្រោយពីសត្វតោចិញ្ចឹមរបស់ខ្លួន ត្រូវបានបំបែកឲ្យឃ្លាតឆ្ងាយអស់រយៈពេល ២ ថ្ងៃ នៅពេលនេះ បុរសជនជាតិចិន ដែលជាម្ចាស់ ព្រោះតែមានក្តីនឹករលឹក និងមានការព្រួយបារម្ភខ្លាំងពីសត្វចិញ្ចឹមរបស់ខ្លួន មិនដឹងថារស់ក្នុងស្ថានភាពបែបណា ក៏បាននាំអ្នកធ្វើការនៅក្នុងផ្ទះរបស់ខ្លួន ចុះទៅមើលវា ដោយនាំទៅជាមួយសត្វឆ្កែ១ក្បាល ដែលជាមិត្តធ្លាប់រួមសុខជាមួយវាតាំងពីតូចមក បានជួបមុខគ្នា។ ហើយតាមរយៈវីដេអូ ឃើញថា សត្វតោដ៏គួរឲ្យស្រឡាញ់នេះ បានបង្ហាញនូវកាយវិការនឹកអាឡោះអាឡៃចំពោះម្ចាស់យ៉ាងខ្លាំង សូម្បីតែមិនស៊ីចំណីនោះទេ ដែលឃើញហើយពិតជាគួរឲ្យរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក។

ក្នុងនោះផងដែរ បុរសជនជាតិចិនជាម្ចាស់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Qi Xiao គាត់បានបង្ហោះវីដេអូចាស់ៗ ដែលសត្វតោធ្លាប់ប្រលែងលេងជាមួយគាត់ និងព្រមទាំងសរសេរ Caption ពីលើវីដេអូជាភាសាចិន បកប្រែជាភាសាខ្មែរមានន័យថា «មិនមានពេលសប្បាយដូចមុនទៀតនោះទេ»។
ជុំវិញរឿងនេះផងដែរ ឃើញថា នៅលើបណ្តាញសង្គម មានការបញ្ចេញមតិវែកញែកយ៉ាងច្រើន ដោយក្នុងនោះ អ្នកខ្លះហាក់សម្តែងក្តីអាណិតដល់សត្វតោនោះពេក ក៏ចង់ឲ្យអាជ្ញាធរប្រគល់សត្វតោនេះទៅម្ចាស់វាវិញទៅ ព្រោះថា មើលទៅវាពិតស្លូតណាស់ និងសាំងជាមួយមនុស្សទៀតផង មិនដឹងថាវានឹកម្ចាស់វាយ៉ាងណានោះទេ។ តែទោះយ៉ាងណា អ្នកខ្លះទៀត ក៏បានលើកឡើងផ្ទុយថា «ការយកសត្វព្រៃមកចិញ្ចឹមក្នុងផ្ទះបែបនេះ មិនត្រឹមត្រូវទេ ដូច្នេះអាជ្ញាធរធ្វើបែបនេះគឺត្រឹមត្រូវហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













