Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាង ១ឆ្នាំ ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ កកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៧.៩០០ រឿង ស្មើនឹង ៩៦ %

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ. ក.ស. ) នៃក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ ១ខែ និងការប្រកាសបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលរយៈពេល៣៩៥ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១)។

ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិច (Zoom) ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធាន គ.យ.ក.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទាំងអស់ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ ១ខែ និង ប្រកាសបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត។

នៅក្នុងរយៈពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១, តាមរយៈយុទ្ធនាការនេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេសបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៧.៩០០ រឿង ស្មើនឹង ៩៦ % នៃសំណុំរឿង ព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩.៥០០ រឿង (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២.៦០០ រឿង ស្មើនឹង ៩៧ % នៃចំនួនសំណុំរឿងសរុបជាង ១៣.០០០ រឿង ក្នុងដំណាក់កាលជំនុំជម្រះ)។ បន្ថែមពីនេះ សាលាដំបូង រាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី បានចំនួនជាង ៦២.៨០០ រឿង ស្មើនឹងជាង ៧៨ % នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០.៤០០ រឿង។

ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បើទោះបីជាកម្ពុជា បាននិងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ២០២១” ក៏ដោយ ក៏សាលាដំបូងរាជធានី ខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវ ជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។ ទន្ទឹមនេះ សាលាដំបូងចំនួន ២ ទៀត គឺសាលាដំបូងរាជធានីភ្នំពេញ និង សាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការ អនុវត្តយុទ្ធនាការនេះនៅឡើយទេ។

យោងតាមផែនការការងារ និងថវិការយៈពេល១ឆ្នាំ សម្រាប់អនុវត្តយុទ្ធនាការនេះ និងបន្ទាប់ពីបានប្រជុំពិភាក្សាជាមួយសាលាដំបូងនៅទូទាំងប្រទេសរួចមក ក្រសួងយុត្តិធម៌សម្រេចប្រកាសបិទបញ្ចប់ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងរំសាយគណៈកម្មការដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារ យុទ្ធនាការដែលបានចុះធ្វើការងារជាប់ជាប្រចាំជាមួយសាលាដំបូងកន្លងមក អាចប្រមូលផ្ដុំការយកចិត្តទុកដាក់លើការងារ អាទិភាពផ្សេងទៀតរបស់ក្រសួងយុត្តិធម៌។

ជាមួយគ្នានេះ គ.យ.ក.ស ក៏មានសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានី ភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ នឹងបន្តខិតខំដោះស្រាយសំណុំរឿងនៅក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត ស្របតាមគោលការណ៍អនុវត្តដែលមាននៅក្នុងយុទ្ធនាការកន្លងមក ហើយឈានទៅប្រកាសជោគជ័យនាពេលដ៏ខ្លី ខាងមុខនេះ។ របាយការណ៍ស្តីពីការបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការរយៈពេល ១ឆ្នាំ ១ខែ មានភ្ជាប់ជាឧបសម្ព័ន្ធ នៃសេចក្ដីប្រកាសព័ត៌មាននេះ។

ជាមួយនឹងលទ្ធផលល្អប្រសើរដូចការរំពឹងទុក និងជាទីមោទក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅ តាមសាលាដំបូងរាជធានី ខេត្ត មិនត្រឹមតែអាចជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងចូលរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារបានយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះ ក៏បានជួយលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋផងដែរ ដោយក្នុងរយៈពេល អនុវត្តយុទ្ធនាការនេះ ចំណាត់ការសំណុំរឿងក្តីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាលនៅតាមសាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានី ខេត្តទទួលបានលទ្ធផលខ្ពស់ជាង ២ដង បើធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ។
ផ្តើមចេញពីបទពិសោធន៍ល្អនៃការអនុវត្តយុទ្ធនាការនេះ ក្រសួងយុត្តិធម៌មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បើទោះបីជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងត្រូវបានបិទបញ្ចប់នាពេលនេះក្ដី ក៏សាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្តទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ និងខិតខំពន្លឿនការដោះស្រាយសំណុំរឿងនៅតាម អង្គភាពរបស់ខ្លួនឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយមិនឱ្យមានការកកស្ទះសំណុំរឿងនៅ ក្នុងអង្គភាពរបស់ខ្លួនឡើយ។

ទន្ទឹមនឹងការប្រកាសបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជាមួយ នឹងការអបអរសាទរចំពោះសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ដែលបានអនុវត្តដោយជោគជ័យនូវយុទ្ធនាការ នាពេលនេះ, ជាថ្មីម្តងទៀត គ.យ.ក.ស. ក៏សូមឆ្លៀតឱកាសនៃកិច្ចប្រជុំនេះសម្តែងការកោតសរសើរ , វាយតម្លៃខ្ពស់ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ ក៏ដូចជាបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលនេះគឺជាចលករដ៏សំខាន់មួយក្នុងការ ជំរុញការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ឱ្យសម្រេចបាននូវសមិទ្ធផលមួយល្អប្រសើរគួរជាទីមោទក តាមគោលដៅដែលបានគ្រោងទុក និងដោយធានាបាននូវការអនុវត្តយ៉ាងត្រឹមត្រូវនូវអភិក្រម ការងារក្នុងយុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ គឺការបមើ នូវសេវាយុត្តិធម៌មួយដ៏ល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់នូវទំនុកចិត្តពីប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ ផងដែរ។

ក្រសួងយុត្តិធម៌បានចេញរបាយការណ៍បូកសរុបស្តីពីលទ្ធផលរយៈពេល៣៩៥ ថ្ងៃនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១)។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការដឹកនាំ និងគ្រប់គ្រងវិស័យយុត្តិធម៌ ជាពិសេសការចូលរួម អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផ្ដោតលើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់ចេញនូវផែនការ និងដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និង លើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឲ្យកាន់តែល្អប្រសើរឡើង ដែលរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែន នៅតាមពន្ធនាគារ។

បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនជាច្រើនលើក និងកិច្ចប្រជុំជាមួយតួអង្គពាក់ព័ន្ធផ្សេងទៀតដើម្បីធានាឲ្យការ អនុវត្តយុទ្ធនាការខាងលើអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.យ.ក.ស. បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដោយដាក់ចេញនូវផែនការក្នុងការអនុវត្តយុទ្ធនាការ អភិក្រមចំនួនពីរ៖ (ទី១)- យុទ្ធនាការនេះត្រូវអនុវត្ត ដោយផ្អែកលើមូលដ្ឋានច្បាប់ជាធរមាន និង(ទី២)- មិនត្រូវឲ្យមានជាដាច់ខាតនូវករណី “ត្រីងៀត ឆ្លៀតពង និងយន្តការដឹកនាំអនុវត្តផែនការផ្ទាល់ដែលបែងចែកជាក្រុមការងារចំនួន ៤ និង លេខាធិការដ្ឋានមួយជាសេនាធិការ។

ក្រុមការងារទាំងអស់បានចាប់ផ្តើមអនុវត្តយុទ្ធនាការនេះជាបន្តបន្ទាប់ តាមតំបន់ទទួលខុសត្រូវ នៅសាលា ដំបូងទូទាំងប្រទេស។ ក្នុងស្មារតី និងឆន្ទៈប្រកបដោយការទទួលខុសត្រូវរបស់ខ្លួន ក្រុមការងារទាំង៤ ន គ.យ.ក.ស. ដោយមានការគាំទ្របច្ចេកទេស រដ្ឋបាល និងហិរញ្ញវត្ថុរបស់លេខាធិការដ្ឋាន ក្រុមការងារនីមួយៗ បានរៀបចំបែងចែក តួនាទី ភារកិច្ច កម្មវិធីការងារ និងផែនការសកម្មភាពរបស់ខ្លួន ព្រមទាំងបានអនុវត្តយុទ្ធនាការជាបន្តបន្ទាប់ ដែលគិត មកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ គឺជាថ្ងៃទី៣៩៥ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ដោយទទួលលទ្ធផលជាផ្លែផ្កា និងសមិទ្ធផលការងារជាច្រើន ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×