ភ្នំពេញ ÷ បុរសជនជាតិចិន២នាក់ បានបើករថយន្តម៉ាកLexusRX 330 មួយគ្រឿង ក្នុងល្បឿនលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចំណែកម្ចាស់រថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់់បាននៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០០និង៥០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំណុចមុខក្រសួងមហាផ្ទៃ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX 330 មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2-BI 1353 បើកបរដោយបុរសជនជាតិចិន២នាក់ ក្នុងស្ថានភាពស្រវឹងជោក បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មុខក្រសួងមហាផ្ទៃ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់១កង់។ សំណាងល្អមិនគ្រោះថ្នាក់ ដល់មនុស្សរងការខូចខាតតែរថយន្តបង្ក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌចំការមន ចូលមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ ជំនាញផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត


