ភ្នំពេញ ÷ បុរសពីរនាក់ទំនងជាស្រវឹងខ្លាំង បានបើករថយន្តម៉ាក lexus RX330 មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ បានជ្រុលចង្កូតទៅបុកខឿន ឡើងលើសួនផ្លូវបាក់អស់ជាច្រើនកង់ រួចបន្តល្បឿនទៅបុករបងដែកផ្សារបាយ័ន និងរបងថ្មបាក់អស់ជាច្រើនផ្ទាំងទៀត រីឯរថយន្តបង្កវិញ បានឆ្លងចរន្តឆាបឆេះ សំណាងល្អបានបងប្អូនប្រជាពលរដ្ឋ នៅជិតជួយពន្លត់ទាន់ពេល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៣ និង ២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ ត្រង់ចំណុចមុខផ្សារបាយ័ន ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរស២នាក់ រួមដំណើរជាមួយគ្នា បានបើករថយន្តម៉ាក lexus RX330 មួយគ្រឿងពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2-BK1359 បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនឡើងលើសួនផ្លូវ បណ្ដាលឲ្យបាក់អស់ជាច្រើនកង់ ចំណែកឯរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកចូលរបងដែកផ្សារបាយ័ន និងរបងថ្មបាក់អស់ជាច្រើនផ្ទាំង។ ចំណែកតៃកុងរថយន្តបង្កព្យាយាមដើររត់គេច តែត្រូវបានប្រជាពលរដ្ឋ ដេញជួយឃាត់ទាន់ទុកប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ៧មករា បានចុះមកដល់រួចបានទំនាក់ទំនង ទៅខាងក្រុងឲ្យចុះមកធ្វើការវាស់វែង យករថយន្តស្ទូច មកស្ទូចរថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅតាមក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

