ទូរទស្សន៍រដ្ឋកូរ៉េខាងជើង កាលពីថ្ងៃចន្ទបានទទួលស្គាល់មេដឹកនាំរបស់ប្រទេសខ្លួន លោកគីម ជុង អ៊ុន ចុះខ្សោយផ្នែកសុខភាព ខណៈពេលដែលមានការសង្ស័យជុំវិញការស្រកទម្ងន់ និងបញ្ហាសុខភាពរបស់គាត់នៅតែបន្តកើតមាន។ សារព័ត៌មាន Associated Press បានរាយការណ៍ថា ការលើកឡើងនេះត្រូវបានចាក់ផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានដកស្រង់ ពីការព្រួយបារម្ភរបស់ប្រជាជនកូរ៉េខាងជើង។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានដកស្រង់សំដីបុរសដែលមិនស្គាល់អត្តសញ្ញាណម្នាក់បាននិយាយថា៖« ប្រជាជនរបស់យើងមានរន្ធត់ចិត្តបំផុត នៅពេលដែលយើងបានឃើញលោកគីមស្គមស្គាំង»។
នៅពេលដែលលោកគីមអាយុ ៣៧ ឆ្នាំបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងកាលពីមួយខែមុនពោលគឺខែមិថុនា អ្នកសង្កេតការណ៍អន្តរជាតិបានកត់សម្គាល់នូវអ្វីដែល មើលទៅហាក់ដូចជាការស្រកគីឡូរបស់លោកគីមគួរឱ្យកត់សម្គាល់។
កាសែត NK News ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា វាហាក់ដូចជាលោកគីមបានរឹតបន្តឹងខ្សែដៃ នៅលើនាឡិកាដែលគាត់ចូលចិត្តផងដែរ។
មន្រ្តីស៊ើបការណ៍នៃបញ្ជាការប្រតិបត្តិការពិសេស នៅសហរដ្ឋអាមេរិកលោក Mike Brodka បាននិយាយថា៖« នៅលើផ្ទៃមុខ និងការស្រកទំងន់ដែលគួរឱ្យកត់សម្គាល់នេះមិនមានន័យច្រើននោះទេ ប៉ុន្តែវាអាចផ្តល់ជាតម្រុយទៅដល់ព័ត៌មានផ្សេងទៀត ដែលអ្នកប្រមូលព័ត៌មានកំពុងស៊ើបរក។ “
អ្នកជំនាញម្នាក់បានប្រាប់ NK News ថា ការស្រកគីឡូរបស់លោកគីម គឺអាចជាចេតនាធ្វើអោយប្រសើរឡើងនូវ“ ជំហររបស់គាត់នៅក្នុងប្រទេស” ដូច្នេះវាផ្តល់នូវ“ ការទស្សទាយបានកាន់តែច្រើន” សម្រាប់មហាអំណាចតំបន់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការសម្រកទម្ងន់នោះ គឺដោយសារតែស្ថានភាពសុខភាព ដូច្នេះអ្នកដែលនៅជុំវិញគាត់ប្រហែលជា ចាប់ផ្តើមកាន់កាប់តំណែងរបស់គាត់រួចហើយ។
កាលពីប៉ុន្មានសប្តាហ៍មុនលោកគីមត្រូវបានគេរាយការណ៍ថា បានថ្លែងសុន្ទរកថានៅឯការប្រជុំព្រមាន អំពីបញ្ហាកង្វះខាតស្បៀងអាហារ។
លោកគីមបាននិយាយថា៖« ស្ថានភាពស្បៀងអាហាររបស់ប្រជាជនឥឡូវនេះ កាន់តែតានតឹងដោយសារវិស័យកសិកម្ម មិនបានបំពេញផែនការផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន ដោយសារការខូចខាតពីព្យុះទីហ្វុងកាលពីឆ្នាំមុន»៕
ប្រភព៖ The Hill News
រក្សាសិទ្ធិដោយ៖CEN

