ភ្នំពេញ ៖ ក្មេងទំនើងម្នាក់ ជិះម៉ូតូលឿនក៏បានទាក់ជាមួយនឹងដៃកង់អាគុយ បណ្ដាលឱ្យដួល រួចក៏លើកម៉ូតូជិះម៉ូតូទៅមុខ បានប្រហែលជា៥០ម៉ែត្រ ក៏បានជិះម៉ូតូត្រឡប់ក្រោយ ដែលជាកន្លែងកើតហេតុ រួចក៏បានទះកំផ្លៀងទៅលេីបុរសវ័យចំណាស់ ដែលជិះកង់អាគុយ បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកជួយអន្តរាគមន៍។

ហេតុការណ៍នេះ ក៏មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង ៤០នាទីព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវបេតុង សាលាកសិកម្មចំការដូង នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បានជិះកង់អាគុយ តាមបណ្ដោយផ្លូវបេតុងសាលាកសិកម្មចំការដូង ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានក្មេងទំនើងម្នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1lM -9559 មកពីក្រោយក្នុងល្បឿនលឿន ក៏បានទាក់ដៃកង់អាគុយដែលបុរសចំណាស់កំពុងតែជិះ បណ្ដាលឲ្យដួលទាំងសងខាង ពេលនោះក្មេងទំនើងរូបនេះ មិនបានជួយលើកកង់អាគុយរបស់គាត់ ឬក៏មិនបានសុំទោសអ្វីនោះទេ ក៏បានលើកម៉ូតូរបស់ខ្លួន ជិះបន្តទៅមុខបានប្រហែលជា ៥០ម៉ែត្រ ស្រាប់តែក្មេងទំនើង រូបនេះបានជិះម៉ូតូត្រឡប់មកក្រោយវិញ និងបានទះកំផ្លៀងទៅបុរសវ័យចំណាស់ជាជនរងគ្រោះមួយកំផ្លៀងក៏មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលលក់ដូរនៅជិតខាង និងធ្វើដំណើរក៏បានចុះទៅជួយ នឹងបានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។

ពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ក៏បានធ្វើការណែនាំទៅដល់ក្មេងរូបនេះ តែក្មេងទំនើងរូបនេះ ក៏មិនបានស្ដាប់ការណែនាំទៅលើសមត្ថកិច្ចទេ ថែមទាំងប្រកែកថា ខ្លួនអ្នកត្រូវទៀតផង ស្របពេលនោះដែរ ក៏មានស្ត្រីវ័យប្រហែលជា៤០ ឆ្នាំម្នាក់ បានចេញមកអះអាងថា ខ្លួនត្រូវជាម្ដាយរបស់ក្មេងទំនើង និងក៏បានធ្វើការសុំទោស ទៅលើក្រុមគ្រួសារបុរសវ័យចំណាស់ខាងលើ និងកងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោផងដែរ ។
ដោយសារតែមានការអង្វរក ពីស្ត្រីត្រូវជាម្ដាយក្រុមគ្រួសារ បុរសវ័យចំណាស់ខាងលើ ក៏បានឲ្យក្មេងទំនើងនោះ សុំទោសចំពោះមុខ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖មីដា

