Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានថ្មី នៃគ.ជ.ប ប្តេជ្ញាចិត្តឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌

ភ្នំពេញ ៖ លោកប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានមានប្រសាសន៍បានប្តេជ្ញាចិត្តថា នឹងខិតខំប្រែងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រងសា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។

ការប្តេជ្ញារបស់ប្រធានថ្មី នៃ គ.ជ.ប បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប។

លោកប្រាជ្ញ ចន្ទ បានបន្តថា ដើម្បីសម្រេចបាននូវគោលដខាងលើ លោកសូមសំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករយ៉ាងសំខាន់ សូមរួបរួមគ្នា ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការងារ បោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លៀតក្នុង ឱកាសនេះផងដែរ ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ សូមមេត្តាបន្តកិច្ចសហការជាមួយ គ.ជប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានា ដែលបានដាក់ចេញជាធរមាន រួមចំណែកលើកកម្ពស់ការអនុវត្តគោលការណ៍ន លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

ប្រធានថ្មី នៃគ.ជ.ប បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបាន រៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការចូលរួម និងកិច្ចសហការគាំទ្រពី ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន រៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បាន ចំនួន ១៦ លើក រួចមកហើយ។
ការបោះឆ្នោតទាំងសកល ទាំងអសកល បានប្រព្រឹត្តទៅយ៉ាងទៀងទាត់ ស្របតាមការកំណត់នៃច្បាប់ និងត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិ វាយតម្លៃថា បានរៀបចំធ្វើដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×