ភ្នំពេញ ៖ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ បានទទួលជួប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ សឹង្ហបុរី ទើបតែងតាំងថ្មីប្រចាំកម្ពុជាដើម្បីសម្ដែងការគួរសមនិង ពិភាក្សាការងារនៅទីស្តីការក្រសួង ។
នៅក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃ ខ្ពស់ ចំពោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និងសឹង្ហបុរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន ក៏ដូចជាការ គាំទ្រ គ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌ តំបន់ និងអន្តជាតិផងដែរ ។

ទន្ទឹមនឹងនេះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសសឹង្ហបុរី ដែលបានដើតួរ យ៉ាងសំខាន់ក្នុងការផ្ដល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រី និងនិស្សិតកម្ពុជារាប់ម៉ឺននាក់ ទាំងការបណ្តុះបណ្តាលក្នុងស្រុក និងនៅប្រទេសសឹង្ហបុរីផ្ទាល់ ។ ក្នុងនោះ ក៏មានមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើដល់ប្រទេសសឹង្ហបុរី តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូត បន្តជួយពង្រឹងសមត្ថភាពធនធានមនុស្ស នៅកម្ពុជា បន្តទៀត ជាពិសេស លើជំនាញប្រើប្រាស់ភាសាអង់គ្លេស ពីព្រោះ ជាយាន ដើម្បី ឲ្យមន្ត្រី ក៏ដូចជា និស្សិត ងាយចាប់បាននិងស្វែងយល់ចំពោះការសិក្សាជំនាញបច្ចេកទេសផ្សេងៗទៀត ។
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ សឹង្ហបុរី ទើបតែងតាំងថ្មី ប្រចាំ កម្ពុជា បានសម្តែងនូវទឹកចិត្តរីករាយ ចំពោះការមកបំពេញបេសកកម្ម កាទូតនៅកម្ពុជា ។ ក្នុងបេសកកម្មនេះ លោកជំទាវ នឹងខិតខំ ជំរុញ ទំនាក់ទំនង និងកិច្ចសហប្រត្តិការ កម្ពុជា -សឹង្ហបុរី ឲ្យកាន់តែប្រសើថែមទៀត ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានផ្តល់ សារ:សំខាន់ ទៅលើការបណ្តុះ បណ្តាលធនធានមនុស្ស ពង្រឹង វិស័យ សហគ្រាស ធនតូចនិងមធ្យម ការទាក់ទាញការវិនិយោគ និងកិច្ចសហការ ប្រតិបត្តិការ លើ វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម ។ ក្នុងនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍លើវិស័យសិប្បកម្ម បែបបុរាណនៅកម្ពុជាផងដែរ ។

ជាចុងក្រោយដីគូសន្ទនា បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការ លើវិស័យ កម្មសិទ្ធិបញ្ញា ។ ជាពិសេស អនុស្សរណៈយោគយល់គ្នា នៃការចុះបញ្ជីទទួលស្គាល់សុពលភាពប្រកាសនីយ បត្រតក្កកម្ម (Patent) នៃ ប្រទេស សិង្ហបុរីនៅកម្ពុជា ។ សមិទ្ធផលនេះ ធ្វើ ឲ្យកម្ពុជា ឈានទៅចុះអនុស្សារណ:នៃការ យោគយល់គ្នាជាបន្ដបន្ទាប់ ទៀត ជាមួយ ប្រទេសដៃគូជាច្រើនទៀតលើពិភពលោក រួមមាន ជាមួយប្រទេស កូរ៉េ ចិន ជប៉ុន សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាឧបករណ៌ដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងជួយទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត ៕
រក្សាសិទ្ធិដោយ៖CEN


