ភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីលក់ផ្លែឈើនៅមុខរោងចក្រ ជិះម៉ូតូបញ្ច្រាសទិសទៅបុកម៉ូតូមួយគ្រឿងទៀត ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ២នាក់ និងស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង ១០នាទីព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ នៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 1DD-8204 ឌុបប្អូនប្រុសម្នាក់ជិះតាមផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានស្ត្រីម្នាក់ជិះម៉ូតូម៉ាក អែប៊្លែត ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1AK-9977 ដឹកផ្លែឈើដែលលក់នៅមុខរោងចក្រ ហេីយជិះម៉ូតូបញ្ច្រាសទិស ក៏ជ្រុលមកបុកម៉ូតូស៊ុយស៊ូគីនិច ពេញទំហឹងបណ្ដាលឱ្យម៉ូតូរងការខូចខាត ទាំងសងខាង និងស្ត្រីជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ចំណែកបុរសដែលជិះម៉ូតូនៅខាងមុខ រងរបួសធ្ងន់និងកុមារា ដែលជាម៉ូតូនៅខាងក្រោយរងរបួសស្រាល ភ្លាមភ្លាមនោះស្ត្រីរងគ្រោះ ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនតាមរ៉ឺម៉កកង់បី ចំណែកបុរសដែលជាអ្នកជិះម៉ូតូម៉ាកស៊ុយស៊ូគីនិចនេះ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯកុមារាដែលរងរបួសស្រាល គឺមិនបានទៅព្យាបាលនៅពេទ្យទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ក៏បានចុះទៅដល់កន្លែងកើតហេតុ បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ដើម្បីចុះទៅធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង យកមករក្សាទុកនៅ អធិការរដ្ឋានខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា



