ភ្នំពេញ ៖ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ពោលគឺរយៈពេល៣ខែបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តផ្តល់ប្រាក់ឧត្ថម្ភដល់បុគ្គលិក-កម្មករបម្រើការងារ ក្នុងវិស័យកាត់ដេរ ស្បែកជើង ការបូបធ្វើដំណើរ និងវិស័យទេសចរណ៍ ដែលត្រូវបានថៅកែព្យួរការងារ ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺកូវីដ១៩។

សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៩) ចេញនៅថ្ងៃទី ២៩ខែមិថុនា ឆ្នាំ ២០២១ បានឱ្យដឹងថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារ ការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖
-បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត០១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ០១ នាក់ ទទួលបាន៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។
-បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យ ទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១។ សហ-គ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួម ចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


