ភ្នំពេញ ៖ យោងតាមសារព័ត៌មានបរទេស theguardian បានចុះផ្សាយអំពីរឿងរ៉ាវនេះឲ្យដឹងច្បាស់បន្ថែមថា តាមពិតទៅ អាជ្ញាធរកម្ពុជាបានធ្វើការស៊ើបអង្កេត និងឈានដល់ចុះទៅដកហូត គឺបន្ទាប់ពីបានឃើញសត្វតោនោះ នៅក្នុងវីដេអូមួយដែលគេចែករំលែកនៅលើបណ្តាញសង្គម Tik Tok ដែលថតចេញពីផ្ទះវីឡាដ៏ធំមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ។

ប្រភពខាងលើបានឲ្យដឹងថា លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា តោឈ្មោលអាយុ ១៨ ខែ មានទំងន់ ៧០ គីឡូក្រាម (១៥៤ ផោន) ត្រូវបានម្ចាស់នាំចូលពីក្រៅប្រទេស ដោយម្ចាស់ជាជនជាតិចិន ដើម្បីយកមកចិញ្ចឹមនៅផ្ទះរបស់គាត់។
លោក ភក្ត្រា បាននិយាយកាលពីថ្ងៃអាទិត្យ ថា “អាជ្ញាធរកម្ពុជាបានចាប់ផ្តើមស៊ើបអង្កេតសត្វតោនេះ គឺចាប់តាំងពីយើងបានឃើញវានៅលើ TikTok កាលពីចុងខែមេសា” ។ លោកក៏បានបញ្ជាក់ថា “ប្រជាជនគ្មានសិទ្ធិចិញ្ចឹមសត្វកម្រជាសត្វចិញ្ចឹមទេ”។

ប្រភពដដែលបន្តថា Wildlife Alliance ជាអង្គការក្រៅរដ្ឋាភិបាលជួយសង្គ្រោះសត្វ ដែលបានជួយក្នុងការវាយឆ្មក់នោះ បាននិយាយថា លក្ខខណ្ឌនៃលំនៅដ្ឋានឯកជន គឺមិនសមរម្យសម្រាប់សត្វព្រៃទេ។ អង្គការនេះក៏បានឲ្យដឹងថា “ធ្មេញសត្វតោត្រូវបានគេយកចេញ រួមជាមួយក្រញ៉ាំរបស់វាផងដែរ ដែលជាហេតុធ្វើឲ្យកាត់បន្ថយគុណភាពជីវិតធម្មជាតិរបស់សត្វតោយ៉ាងខ្លាំង”។
ម្ចាស់បានចែករំលែករូបថតរបស់សត្វតោអង្គុយនៅផ្លូវច្រកចូលផ្ទះ ខណៈពេលដែលសត្វឆ្កែ១ក្បាល ក៏កំពុងលេងក្បែរនោះ។ ក្នុងនោះ ក៏មានខ្សែវីដេអូបង្ហាញឲ្យឃើញ សត្វតោវ័យក្មេងនេះយត្រូវបានគេបាញ់ទឹកទុយោផងដែរ។

ក្រសួងបរិស្ថានបានបង្ហាញសត្វឆ្មាដ៏ធំមួយក្បាលនេះ នៅជាមួយសត្វឆ្កែតូចមួយក្បាល ស្ថិតក្នុងរូបថតដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយក្រសួងបរិស្ថាន ខណៈដែលអាជ្ញាធរបានរៀបចំទ្រុងសុវត្ថិភាព ដើម្បីយកវាទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
ការរឹបអូសនេះបានកើតឡើងមួយថ្ងៃ គឺបន្ទាប់ពីអ្នកប្រើបណ្តាញសង្គម Twitter ម្នាក់ បានបង្ហោះបណ្តារូបសត្វតោនេះ កំពុងឈរនៅលើសួនច្បារនៃផ្ទះវីឡាមួយកន្លែង នៅតំបន់បឹងកេងកង រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



