ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឲ្យអាជ្ញាធរខណ្ឌ
នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មានការដាក់តាំងលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មទៀតនោះទេ ។ អាជ្ញាធររាជធានីភ្នំពេញ ទុករយៈពេលឲ្យ២ខែដើម្បីឲ្យពួកគាត់រុះរើឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងនៃរាជធានីភ្នំពេញវិញ។

លោកឃួង ស្រេង ដាក់បទបញ្ជាបែបនេះ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា “វាល្មមដល់ពេលដែលយើង ត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន ៥ នៅកណ្ដាលរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធ នៅកណ្ដាលក្រុង ត្រូវតែធ្វើសេចក្តីជូនដំណឹង ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ធ្វើអាជីវកម្មបែបអនាធិបតេយ្យនោះ ប្រញាប់រុះរើទីតាំងរបស់ខ្លួនទៅ នៅជាយរាជធានីភ្នំពេញវិញ ដោយអាជ្ញាធររាជធានីភ្នំពេញ នឹងទុករយៈពេលឱ្យ២ខែ ដើម្បីឲ្យពួកគាត់រកទីតាំងថ្មី “។

លោកឃួង ស្រេងបានបញ្ជាក់ទៀតថា មកដល់ពេលនេះ យើងឈប់និយាយរឿងប្រើប្រាស់ចិញ្ចើមផ្លូវ ២ភាគ៣ទៀតហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអនុគ្រោះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមូយចំនួនណានោះ ដូចជាមិនចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ដូច្នេះចាប់ពីពេលនេះតទៅ គឺមិនមានការអនុញ្ញាត ឱ្យការប្រើប្រាស់ចិញ្ចើមផ្លូវ ធ្វើអាជីវកម្មបន្តទៀតទេ។

លោកបន្តថា បងប្អូនអាចធ្វើអាជីវកម្មរកស៊ីលក់ដូរបាន ប៉ុន្តែមិនអនុញ្ញាតឲ្យប្រើប្រាស់ ចិញ្ចើមផ្លូវនោះទេ បងប្អូនអាចលក់ម៉ូតូ លក់រថយន្តនៅក្នុងផ្ទះឬ ទីតាំងរបស់ខ្លួន ដោយមិនឲ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈជាដាច់ខាន សូម្បីតែ២ភាគ៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




