ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងទឹករបស់ម៉ាឡេស៊ី TLDM ដែលជាយន្តហោះ AS555 SN Fennec បានជួបគ្រោះថ្នាក់នៅក្នុងមូលដ្ឋាន Lumut RMN កាលពីម្សិលមិញ (២៨ មិថុនា) ប៉ុន្តែ សំណាងល្អ ពុំមានអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុនេះនោះទេ។

យោងតាមរបាយការណ៍របស់ Astro Awani, នោះផ្នែកទំនាក់ទំនងយុទ្ធសាស្រ្ត នៃទីបញ្ជការ Western Fleet បានចែករំលែកឲ្យដឹងថា ពិតជាអរគុណខ្លាំងណាស់ ដែលពុំមានអ្នកណាម្នាក់ស្លាប់នៅក្នុងហេតុការណ៍នេះ ដែលបានកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់។
ទីបញ្ជការកងទ័ពខាងលើ ក៏បានឲ្យដឹងបន្ថែមថា ហេតុការណ៍នេះពុំបានពាក់ព័ន្ធនឹងរបួសណាមួួយ ទៅដល់សាធារណជននោះទេ ហើយទីតាំងនៃកន្លែងកើតហេតុ កំពុងស្ថិតក្រោមការគ្រប់គ្រង។

ពួកគេបានចែករំលែកថា «ក្រុមអាកាសយានិកទាំងអស់ ត្រូវបានជួយសង្គ្រោះ ហើយបច្ចុប្បន្នកំពុងត្រូវបានពិនិត្យបន្ថែម នៅមន្ទីរពេទ្យកងទ័ពមូលដ្ឋាន Lumut RMN»។
ពួកគេបន្ថែមទៀតថា គណៈកម្មាធិការស៊ើបអង្កេតមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃឧប្បត្តិហេតុនេះ។

នេះគឺជាគ្រោះថ្នាក់ដំបូងដែលពាក់ព័ន្ធនឹងយន្ដហោះ TLDM ក្នុងរយៈពេលជាង ៣០ ឆ្នាំ នៃការបង្កើតកងអនុសេនាធំ KD Rajawali Airquaquaron ដែលមានមូលដ្ឋាននៅ Lumut ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

