ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានអនុញ្ញាតយល់ព្រម ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ដែលស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកា របស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួនជាង ២០លានដុល្លារអាមេរិក។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា “រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្មី លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកា របស់ក្រសួងមហាផ្ទៃដែលមានស្រាប់ ចំនួន២០ ៤៥០ ០០០ (ម្ភៃលាន បួនរយហាសិបពាន់) ដុល្លារអាមេរិក។ ថវិកាដែលខ្វះ សម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឱ្យបានជាអតិបរមា នូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរ លើចំណាយប្រឆាំងជំងឺកូវីដ-១៩”។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានធ្វើលិខិតស្នើសុំគោលការណ៍ អនុញ្ញាតសាងសង់អគារទីស្តីការ របស់ក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក៏មានចំណារយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ
