ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការរំលឹកដល់លោក ទិន សៃ តំណាងស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ឲ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន ពីព្រោះគណបក្សនេះពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។

ការឲ្យបញ្ឈប់សកម្មភាពនយោបាយនៅតាមមូលដ្ឋាននេះ បានធ្វើឡើងខណៈពេលដែលលោកអ៊ូ ច័ន្ទរ័ត្ន លោកប៉ុល ហំម និងមន្ត្រីមួយចំនួនបានចុះធ្វើសកម្មភាព នៅតាមមូលដ្ឋានដោយមានការជួបជុំប្រជាពលរដ្ឋ។
យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានជម្រាបទៅលោក ទិន សៃ តំណាងស្ថាបនិក គណបក្សកែទម្រង់កម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បានចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។ ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុងធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ គណបក្សកែទម្រង់កម្ពុជា ត្រូវបញ្ឈប់នូវរាល់សកម្មភាពនយោបាយ នៅតាមមូលដ្ឋាន រហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ។

សូមជម្រាបថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញលោកប៉ុល ហំម លោកអ៊ូ ច័ន្ទរ័ត្ន រួមទាំងមន្ត្រីមួយចំនួន នៃគណបក្សកែទម្រង់កម្ពុជា បានចុះធ្វើសកម្មភាព ជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីគៀរគរ និងស្វែករកការគាំទ្រពីប្រជាពលរដ្ឋ។ សកម្មភាពទាំងនេះ គឺបំពានទៅនឹងច្បាប់ ស្ដីពីគណបក្សនយោបាយ ខណៈដែលគណបក្សកែទម្រង់កម្ពុជា នៅមិនទាន់ត្រូវបានចុះបញ្ជី នៅក្រសួងមហាផ្ទៃនៅឡើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

