Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសបែកថ្នាំម្នាក់ បានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ ជាសំណង់មិនរៀបរយ អស់ចំនួន៦ខ្នង

ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួន៦ខ្នងទាំងស្រុង ជាប្រភេទផ្ទះសំណង់មិនរៀបរយ ឈើប្រកស័ង្កសី តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវលេខ៥០៨ ភូមិ៤ ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ មានផ្សែងហុយខ្មួលខ្មាញ់ ចេញពីក្នុងផ្ទះកើតហេតុ បន្ទាប់មកទើបបង្កឱ្យមានការភ្ងាក់ផ្អើល ទៅដល់បងប្អូនប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ទាក់ទងទៅកម្លាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តជាច្រើនគ្រឿង ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់។

មន្ត្រីនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងនេះ ភ្លាមសមត្ថកិច្ច បានចេញរថយន្តជួយ តែដោយស្ថានភាពផ្លូវតូចចង្អៀត មិនអាចចូលរថយន្តបាន ត្រូវប្រើពេលយូរបន្តិច ដូច្នេះអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំង៦ខ្នង ដែលជាប្រភេទសំណងមិនរៀបរយឈើប្រក់សង្ក័សី តែក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានយុវជនម្នាក់ សង្ស័យថាប្រើប្រាស់សារធាតុញៀនលើសកម្រិត ដែលមានគំនុំជាមួយយុវជនម្នាក់ទៀត ជាង១ខែមកហើយ ដែលដេញវាយគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ ដែលគេស្គាល់ថាឈ្មោះ ម៉ៅ រូបនោះបានមកលួចដុត ហើយដៃកាន់ដាវ មិនឱ្យប្រជាពលរដ្ឋចូលមកពន្លត់ ទាន់ពេលរួចហើយក៏រត់ចូលព្រៃបាត់ទៅ។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យនេះ បានឆេះផ្ទះ៦ខ្នង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់សរុបចំនួន៦គ្រឿង ដោយប្រើរយៈពេល៣០នាទី ទើបបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ សម្ភារៈខូចខាត រួមមាន៖ ផ្ទះ៦ខ្នង ជាប្រភេទសំណង់មិនរៀបរយឈើប្រកស័ង្កសីផ្ទាល់ដី អស់ទាំងស្រុង រួមទាំងឆេះសម្ភារៈឈើ និងគ្រឿងឈើមួយចំនួនអស់ទាំងស្រុង តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ៕ រក្សាសិទ្ធិដោយ៖សា មេត

×