ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅទិញម្អូបជ្រុលទៅបុករថយន្តធុនធំ ពីក្រោយបណ្តាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់ យ៉ាងអាណោចអាធ័ម។ ចំណែកឯតៃកុងរថយន្តត្រូវសមត្តកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ៦ និង៤០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំណុចគល់ស្ពានអាកាសចោមចៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សព មានឈ្មោះ តក់ យឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ មានស្រុកកំណើតនៅភូមិល្តាច ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A 5238 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានបុរសម្នាក់ ជិះម៉ូតុម៉ាកស៊ុយសាគីលែត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1-GS 4073 ធ្វើដំណើរស្របទិសពីក្រោយក្នុងល្បឿនលឿន មកវ៉ាជែងបណ្តាលឲ្យទាក់ដៃចង្កូត បណ្តាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងខាងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការងារការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត




