ក្រុមក្មេងទំនើប៥នាក់ នៅក្នុងប្រទេសឥណ្ឌា បានក្លែងខ្លួនធ្វើជាគ្រូពេទ្យជួរមុខ ដើម្បីលាក់សាកសពបុរសម្នាក់ ដែលពួកគេបានសម្លាប់ ក្នុងការប៉ុនប៉ងដើម្បីបន្លំសាកសពជនរងគ្រោះថាជាអ្នកជំងឺកូវីដ១៩។
យោងតាមគេហទំព័រ Today Online បានអោយដឹងថា បុរសរងគ្រោះបានជំពាក់បំណុលក្មេងទំនើងចំនួន ៤ លានរូពី (ស្មើជាង ៥ ម៉ឺនដុល្លារ) ហើយត្រូវបានក្រុមក្មេងទំនើងទាំងនេះ អញ្ជើញឱ្យចូលរួមពិធីជប់លៀងមួយ។ ព័ត៌មានបន្ថែមអំពីការស្លាប់របស់ជនរងគ្រោះមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប៉ូលីសបាននិយាយថាបុរសនោះបានថប់ដង្ហើម។
បន្ទាប់មកក្រុមក្មេងទំនើងទាំង ៥ នាក់នេះ បានពាក់ឈុតសម្លៀកបំពាក់គ្រូពេទ្យជូរមុខ (PPE) និងដាក់សាកសពនៅក្នុងកាបូបរុំសាកសព ដើម្បីចៀសវាងការចាប់បាន។ បន្ទាប់មក ពួកគេបានចុះបញ្ជីបុរសស្លាប់ក្រោមឈ្មោះមិនពិត និងបានបូជាសាកសពនៅឯកន្លែងមួយនៅភាគខាងជើងនៃទីក្រុងអាហ្គរ៉ា។

ស្នងការប៉ូលិសក្នុងតំបន់លោក Muniraj G. បាននិយាយថា “ដើម្បីចៀសវាងការចាប់ខ្លួន ពួកគេបានពាក់ឈុតសម្លៀកបំពាក់ PPE និងបានប្រើកាបូបសម្រាប់វេចខ្ចប់ និងដឹកសាកសពទៅកន្លែងបូជាសព”។
ក្រោយករណីនេះបានកើតឡើង ម្នាក់ក្នុងចំណោមបុរសទាំងនោះត្រូវបានចាប់ខ្លួនបន្ទាប់ពីទទួលបានព័ត៌មានពីអ្នកផ្តល់ព័ត៌មាន។ ហើយនៅទីបំផុត ជនជាប់ចោទទាំង ៥ នាក់ បានសារភាពចំពោះបទឧក្រិដ្ឋកម្មរបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានៅតែទទួលរងនូវការឆ្លងរាលដាលនៃ Covid-19 រលកទីបី ដែលជាមធ្យមមានមនុស្សជាង ១.០០០ នាក់បានស្លាប់ ជារៀងរាល់ថ្ងៃ ខណៈមន្ទីរពេទ្យនិងកន្លែងបូជាសព ត្រូវបានគ្របដណ្តប់ ដោយករណីឆ្លងថ្មីជាមធ្យម ៤៨,៤៣៤ ករណីក្នុងមួយថ្ងៃ នេះបើយោងតាមកាសែតញូវយ៉កថែមស៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង