ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញកសិផល ក្នុងទំហំទឹកប្រាក់ជាង២,៥៧ពាន់លានដុល្លារអាមេរិក កើនឡើង ៨៤,៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ បើទោះបីជា ស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានសភាពធ្ងន់ធ្ងរ ជាងឆ្នាំមុនក៏ដោយ។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បើទោះបីជាមានការឆ្លងរាលដាលពីកូវីដ១៩ ប៉ុន្តែ ទីផ្សារនាំចេញរបស់កម្ពុជា នៅតែមានកំណើន ហើយអាចនឹងទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចបាន។ លើស ពី នេះ ប្រទេសកម្ពុជា បានធ្វើពិពិធកម្មទីផ្សារ និងសេដ្ឋកិច្ច ដោយមួយផ្នែកបាននាំចេញទៅកាន់ប្រទេសចិន ជាពិសេសផលិតផលកសិកម្ម ចិនបានទទួលទិញពីកម្ពុជាច្រើន នៅក្នុងបរិការណ៍កូវីដ១៩នេះ។
របាយការណ៍ក្រសួងកសិកម្ម បានចេញផ្សាយថា តម្លៃប្រហាក់ប្រហែលនៃការនាំចេញកសិផល ទទួលបាន មានចំនួន ២.៥៧១.១៦៩.៦៣៩ ដុល្លាអាមេរិក ក្នុងនោះការនាំចេញអង្ករមានចំនួន២៣៧.៥៤១.១៥០ ដុល្លាអាមេរិក នាំចេញស្រូវមានចំនួន២៧៩.៣១៤.១៤៥ ដុល្លាអាមេរិក និងនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២.០៥៤.៣១៤.៣៤៤ ដុល្លាអាមេរិក។
របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលសរុប មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះ ការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤.៤៥៤.៥០៥ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួនជាង ២០៤លានតោន៕
រក្សាសិទ្ធិដោយ៖CEN

