Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុគ្រោះ និងលើកលែងការបង់ពន្ធ លើអាជីវកម្មក្នុងវិស័យទេសចរណ៍, អាកាសចរណ៍ និងដឹកជញ្ជូន ៣ខែ បន្ថែមទៀត

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៩)។ ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេចបន្តលើកលែងការបង់ពន្ធ និងការអនុគ្រោះមួយចំនួន សម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍, អាកាសចរណ៍ និងដឹកជញ្ជូន ។

អាជីវកម្ម ក្នុងវិស័យទេសចរណ៍ ដែលនឹងបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រួមមាន សណ្ឋា គារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែតប៉ុណ្ណោះ។

បើទោះជាយ៉ាងណា អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។ ក្រៅពីនេះក៏បន្តលើកលើកលែងការបង់ភាគទានសន្តិសុខសង្គម និងបន្តពន្យាការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន។

ដោយឡែកវិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទីក នឹងលើកលែងកម្រៃអាជ្ញាបណ្ណជើងសារគយសម្រាប់ឆ្នាំ ២០២១ និង២០២២។ ការពន្យាពេលនេះនឹងត្រូវផ្អាកលើការវាយតម្លៃជាបន្តបន្ទាប់នូវស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្តែង។
ការបន្តជួយវិស័យអាកាសចរណ៍វិញ នឹងបន្តលើកលែងការបង់ពន្ធអប្បបរមា សម្រាប់រយៈពេល ៣ខែបន្តទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏នឹងបន្តពន្យាការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេលដូចគ្នានេះដែរ ជាមួយនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យានេះ៕
រក្សាសិទ្ធិដោយ៖CEN

×