ភ្នំពេញ ÷ លោកតាវ័យ៧០ឆ្នាំម្នាក់ ត្រូវរថយន្តធុនធំសណ្តោងរ៉ីម៉ក បុកកិនពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការសង្រ្គោះ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខក្លោងទ្វារបុរីពិភពថ្មី តាមបណ្តោយផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ លោកតារងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 1BI 9058 ជិះចេញពីផ្ទះលោកមេភូមិ ដែលនៅក្បែរកន្លែងកើតហេតុ ក្នុងទិសដៅពីកើតទៅលិច ហើយក៏បានឈប់នៅស្តុបស្របពេលនោះ ក៏មានរថយន្តធុនធំសណ្តោងរ៉ីម៉កមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F 1755 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ក៏បានជ្រុលចង្កូតទៅបុកម៉ូតូរបស់លោកតារងគ្រោះ ពីក្រោយរួចកិនចំពីលើម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកទៅនឹងផ្លូវ រងរបួសបែកក្បាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរបាលសង្កាត់ចោមចៅទី១ សហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌ ចុះមកធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ បន្ទាប់មកពីធ្វើការវាស់វែង រួចសមត្ថកិច្ចបានយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម





