សៀមរាប ៖ គ្រឹះស្ថានអង្គរ ផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដានេះ បានបង្ហាញពីការធ្លាក់ចុះចំណូលជិត ១០០ភាគរយ សម្រាប់ការលក់បណ្ឌចូលទស្សនារមណីយដ្ឋានអង្គរ។
តួរលេខ បង្ហាញថា ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរ បានលក់បណ្ណចូលទស្សនាតំបន់អង្គរ បានចំនួន ៥,៣២៩នាក់ ធ្លាក់ចុះ ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ដោយទទួលបានចំណូល ២១៩,២១៨ ដុល្លារអាមេរិក ធ្លាក់ចុះ៩៨.៧៩ភាគរយ។

របាយការណ៍ ក៏បានបញ្ជាក់ដែរថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែមិថុនា ឆ្នាំ២០២១ បានលក់បណ្ណជូនភ្ញៀវចំនួន ៥៥៥នាក់ ធ្លាក់ចុះ៦៨.២៣ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២២,០១០ដុល្លារអាមេរិក ធ្លាក់ចុះ៦៩.០៩ភាគរយ។
ក្នុងខែមិថុនានេះផងដែរ គឺថវិកាចំនួន ១,១១០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៦ខែ គឺមានចំនួន ១០,៦៥៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN
