ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្តមិនចាំម៉ាក បើកទៅបុកបណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ បែកខួរស្លាប់ក្នុងថ្លុកឈាម ចំណែកឯរថយន្តបង្កវិញ បានបន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៤០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ មែត្រចំណុចជិតនិងស្តុបម៉ាកសឺដេស ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ សុខ សុភាព ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរនៅផ្ទះគាត់ជាជនពិការភ្នែក មានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះបានធ្វើដំណើរដោយថ្មើជើង ឆ្លងផ្លូវ៦០ម៉ែត្រ ដោយរូបជនរងគ្រោះពិការភ្នែកទាំងសងខាង ខណៈឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ទៅបុកចំជនរងគ្រោះពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់មួយរំពេច ចំណែកឯរថយន្តបង្កវិញ បើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់កន្លែងកើតហេតុដោយភាគីម្ខាងទៀត បើករត់គេចខ្លួនបាត់ ដោយម្តាយនិងក្រុមគ្រួសារ ជនរងគ្រោះសុំយកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖សា មេត



