ភ្នំពេញ ៖ យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលានោះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ឲ្យដឹងថា សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ជ្រាបថា ក្រសួងប្រៃសណីយ៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយ បន្តក្នុងតម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។

ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ បានឲ្យដឹងទៀតថា ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងកម្មករ-និយោជិតទាំងអស់ ដែលមានបំណងចង់យកសំណាកលើ បុគ្គលិក-និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍ តេស្តរហ័ស នេះ តាមរយៈតេឡេក្រាម។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនតែក្នុងគោលដៅយកទៅប្រើប្រាស់ចំពោះមុខតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យយកទៅលក់បន្តនោះឡើយ ពោលគឺ មិនលក់ឲ្យឈ្មួញកណ្ដាលទិញហើយយកទៅលក់បន្ត ដូចករណីអ្នករកស៊ីរកផលចំណេញនោះទេ។

ពាក់ព័ន្ធនឹងលទ្ធផលធ្វើតេស្តវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយស្ថាប័ន ពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនេះ ជូនទៅដល់ដៃអ្នកប្រើប្រាស់ពិតប្រាកដ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








