ភ្នំពេញ ៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនបានទាន់ពេលវេលានោះទេ នឹងធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ដែលប្រឹងប្រែងដោយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ នឹងមិនទទួលបានប្រសិទ្ធភាពនោះឡើយ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអ្នកនាំពាក្យ និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-២៩ ទូទាំងប្រទេស ក្នុងពេលអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង នៅខេត្ដកំពង់ស្ពឺ នាដើមសប្ដាហ៍នេះ បានពន្យល់ថា ការដែលប្រជាពលរដ្ឋមិនបានប្រញាប់មកចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងបានត្រឹមតែដូសទី១ មិនបានចាក់ដូសទី២ ប្រសិទ្ធភាពការពារជំងឺកូវីដ-១៩ មិនត្រឹមតែមិនមានប៉ុណ្ណោះទេ វាបែរជាបើកឱកាសឲ្យបងប្អូនប្រជាពលរដ្ឋទទួលការឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើនឡើងៗ និងប្រឈមអត្រាស្លាប់ខ្ពស់ទៅវិញ។
ដើម្បីកុំឲ្យក្រុមការងារចាក់វ៉ាក់សាំងមានភាពស្មុគស្មាញជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ជាការចាំបាច់ណាស់ បងប្អូនប្រជាពលរដ្ឋ ត្រូវចងចាំ កត់ត្រា ចំណាំឱ្យបានច្បាស់លាស់ ពីពេលវេលា គឺពេលមកទទួលចាក់វ៉ាក់សាំងដូសទី១ នៅពេលណា ? ហើយត្រូវចាក់វ៉ាក់សាំងដូសទី២ នៅពេលណា ? គឺត្រូវចងចាំពេលវេលាច្បាស់លាស់ បើពុំសោតនោះទេ នឹងធ្វើឲ្យមានភាពស្មុគស្មាញដល់ក្រុមគ្រូពេទ្យទទួលការងារចាក់វ៉ាក់សាំងនេះ។

លោកស្រី ឱ វណ្ណឌីន ពន្យល់ថា ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាទីតាំងចល័ត ពេលណាបើកទីតាំងចាក់ដូសទី១ហើយ ចប់តាមចំនួនថ្ងៃហើយ គេនឹងចាប់ផ្ដើមបន្ដធ្វើដូសទី២, ចឹងពេលចប់ដូសទី២ ទីតាំងនោះ នឹងត្រូវរើចេញវិញ ដូច្នេះបើបងប្អូនមិនបានអញ្ជើញមកចាក់ឱ្យទាន់ពេលវេលា នោះនឹងអាចមានផលលំបាកក្នុងការស្វែងរកទីតាំងចាក់។ អ៊ីចឹងសូមបងប្អូនអញ្ជើញមកឱ្យទាន់ពេលវេលា, កាលណាមានការប្រកាសថា មានការរៀបចំចាក់ដូសទី១ សូមអញ្ជើញមកឱ្យបានគ្រប់គ្នា សម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
លោកស្រី បានបញ្ជក់ទៀតថា សម្រាប់ប្រជាពលរដ្ឋដែលចាក់ដូសទី១ហើយ សូមកុំភ្លេចទៅចាក់ដូសទី២ ដោយកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋយើងមួយចំនួន គាត់មានបញ្ហាពេលត្រូវចាក់ដូសទី២ ខ្លះហួសថ្ងៃ ហើយទីតាំងចាក់ ត្រូវបានរើបាត់ទៅទៀត ដោយសារមកមិនត្រូវថ្ងៃ។ ដូចនេះ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាដែលអាចកើតមានឡើងនេះ ត្រូវចាក់ឱ្យបានគ្រប់ដូស ដើម្បីបង្កើតបាននូវអង់ទីគ័រនៅក្នុងខ្លួនរបស់យើង ការពារពីជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN








