ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូមួយគ្រឿងទៀតបើកទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ បានដឹកដាក់លើកង់បីយកទៅជួយសង្រ្គោះ តែអកុសលខាងមន្ទីរពេទ្យជាច្រើនមិនទទួល ក៏ស្លាប់នៅលើកង់បីតែម្តងទៅ ចំណែកឯម៉ូតូម្ខាងទៀត ជាអ្នកបង្កជិះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០០ និង ៣០ នាទីយប់ឈានចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ចំណុចជាប់រោងចក្រចាន់សុវណ្ណ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពមានឈ្មោះ សឿង ឃឹម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាកម្មករសំណង់ មានប្រពន្ធនិងកូន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានឃើញប្ដីប្រពន្ធពីរនាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំផ្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ជិតនិងរោងចក្រចាន់សុវណ្ណ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកបានជិះក្នុងល្បឿនលឿន ទិសដៅបញ្រ្ចាសគ្នា ទៅបុកចំពីមុខម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរងរបួសធ្ងន់ បន្ទាប់មកប្រពន្ធជនរងគ្រោះ ក៏បានហៅកង់បីដឹកយកទៅមន្ទីរពេទ្យជាច្រើន ដើម្បីជួយសង្រ្គោះតែដោយខាងមន្ទីរពេទ្យមិនទទួល គាត់ក៏បានស្លាប់នៅលើកង់បីតែម្តងទៅ ហើយបន្ទាប់មកក៏ដឹកសពមកកន្លែងកើតហេតុវិញ រង់ចាំសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឱ្យជួបរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ងាយស្រួលឆែកកាមេរ៉ាតាមរកជនបង្ក បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖សា មេត