ស្វាយរៀង ៖ ក្នុងការចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់រោងចក្រ របស់ក្រុមហ៊ុន Cart Tire Co., Ltd និងក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដោយមានការចូលរួមពី លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងតំណាងក្រសួង ស្ថាប័នប្រចាំការនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងឲ្យដឹងថា ÷

- ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្តក្នុងទុនវិនិយោគប្រមាណ ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤.០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។
- ចំណែក ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២១ បង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូលក្នុងទុន វិនិយោគប្រមាណ ៤៧.៧លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៣៥ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ២ ០០០កន្លែង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN












