ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តបានស្គាល់ច្បាស់ហើយ ពីគ្រូអនឡាញវ័យក្មេងមានរហស្សនាមថា «គ្រូមហាជ័យ» ដែលជារឿយៗតែងតែត្រូវបានមហាជននាំគ្នារិះគន់ពេញៗមាត់ ជាពិសេស គឺក្រោយចេញមកបញ្ជាក់ហាក់មានប្ញទ្ធីបារមីខ្លាំងពូកែអស្ចារ្យថា ខ្លួនជាអ្នកសុំទឹកភ្លៀងធ្លាក់យ៉ាងជោកជាំ ព្រមជាមួយផ្គររន្ទះ ខណៈចំពេលរដូវកក់ខែ ដែលធ្វើឲ្យគ្រប់គ្នាឮហើយមានការហួសចិត្តជាខ្លាំងតែម្តង។

តែដោយឡែក ថ្មីៗនេះ គ្រូលាបឡេមុខសក្បុះ តែងធ្វើការបួងសួង ឬធ្វើពិធីអ្វីមួយក៏ Live បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈស្ងាត់ៗ ស្រាប់តែត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចសង្ឃ បួរ គ្រី។
ជាក់ស្តែង តាមរយៈផេកហ្វេសប៊ុកគ្រូរូបនេះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានបង្ហោះឲ្យកូនៗរបស់ខ្លួន និងក៏ដូចមហាជនតាមអនឡាញ បានដឹងថា «ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ!!!ខ្ញុំបាទ លោកគ្រូ មហាជ័យ ម្ចាស់វិមានមហាជ័យ មានសេចក្ដីត្រេកអរនិងអរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រាស់ខ្ញុំបាទជាទីប្រឹក្សាផ្ទាល់ មានគោរម្យងារ ជា បុណ្យ មីត្រៃលោកនាថមហាឧបាសកពុទ្ធសាសនូបត្ថម្ភ នៃព្រះរាជាណាចក្រកម្ពុជា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










