តាមសារព័ត៌មានថៃ Kapook កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានចុះផ្សារនូវរឿងដ៏សង្វេគមួយឲ្យដឹងថា នៅផ្ទះមួយក្នុងស្រុក Bang Khun Thian លោកតាអាយុ ៧២ ឆ្នាំ ម្នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ បានរង់ចាំឡានពេទ្យមកយកអស់រយៈពេល ៥ ថ្ងៃ រហូតស្លាប់នៅផ្ទះ ខណៈប្រពន្ធរបស់គាត់អាយុ ៦២ ឆ្នាំ ដែលក៏ឆ្លងកូវីដដូចគ្នា ទើបតែត្រូវបានទទួលបានគ្រែសម្រាប់ព្យាបាលជំងឺប៉ុណ្ណោះ។

លោក Teeradon ដែលជាកូនបានបញ្ជាក់ថា បន្ទាប់ពីទទួលដំណឹងថាឪពុកម្តាយរបស់គាត់បានឆ្លងជំងឺ គាត់ក៏បានយកពួកគាត់ទៅពិិនិត្យ និងបានដឹងលទ្ធផលនៅថ្ងៃទី២៤ ខែមិថុនា គឺវិជ្ជមានកូវីដ១៩ទាំងពីរ ខណៈបងថ្លៃប្រុស បងថ្លៃស្រី លទ្ធផលអវិជ្ជមាន។ គាត់ និងប្រពន្ធរស់នៅឯផ្ទះផ្សេង នៅក្នុងខេត្ត Samut Sakhon។
បន្ទាប់ពីនោះ គ្រួសាររបស់គាត់បានព្យាយាមធ្វើការទាក់ទងទៅភ្នាក់ងារសុខាភិបាល និងកាសែតនានាជាច្រើន ដើម្បីជួយ។ ហើយនៅទីបំផុត បុគ្គលិកពេទ្យក៏បានសាកសួរពីស្ថានភាពរបស់អ្នកជំងឺវ័យចំណាស់ទាំងពីរ និងបានឲ្យពួកគេរង់ចាំ ពីព្រោះតំបន់ដែលអ្នកជំងឺរស់នៅ គឺជាតំបន់លឿង ប៉ុន្តែ គាត់មិនយល់ថាអ្វីជាតំបន់លឿង ឬក្រហមនោះទេ តែអ្វីដែលគាត់មានការសោកស្តាយនោះ គឺឪពុករបស់គាត់បានបាត់បង់ជីវិតទៅហើយ ខណៈម្តាយរបស់គាត់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


