ភ្នំពេញ ៖ ក្រសួងកសិកម្ម បានបង្ហាញឱ្យដឹងថា បរិមាណអង្ករនាំចេញរបស់កម្ពុជាទៅក្រៅប្រទេសមានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧.២១០តោន ស្មើរនឹង(-២៩,៤៧%) នៅឆមាសទី១ ឆ្នាំ២០២១នេះ បើធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នានឹងឆ្នាំ២០២០ មានចំនួន ៣៩៧.៦៦០តោន។

ដោយឡែកការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១នេះ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥.៨៥៦តោន (១៤,០៩%) បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ៤១.៥៦៣តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៩១.៤៩២តោន ស្មើនឹង ៦៨,២៨% អង្ករសគ្រប់ប្រភេទមានចំនួន ៨៣.៦៨៣តោន ស្មើនឹង ២៩,៨៤% និងអង្ករចំហុយមានចំនួន ៥.២៧៥តោន ស្មើនឹង ១,៨៨%។
អង្ករកម្ពុជា បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ៦៧.១៣៦តោន (ថយចុះចំនួន ៦៨.៤៤០តោន ស្មើនឹង -៥០,៤៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៤៣.២៩៣តោន (ថយចុះចំនួន ៤.៦៥៦តោន ស្មើនឹង -៣,១៥%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៧.១៣៦តោន(ថយចុះចំនួន ២៥.៨៥១តោន ស្មើនឹង -៤៨,៧៩%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ៤២.៨៨៥តោន (ថយចុះចំនួន ១៨.២៦៣តោន ស្មើនឹង -២៩,៨៧%)។

គួរបញ្ជាក់ថា ក្រុមហ៊ុន៥៦ បាននាំចេញអង្ករពីកម្ពុជា ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២០៣.៨៤៧តោន (៧២,៦៩%) និងក្រុមហ៊ុន៤៦ដទៃទៀតបាននាំចេញត្រឹមតែ ៧៦.៦០៣តោន (២៧,៣១%)៕
រក្សាសិទ្ធិដោយ៖CEN


