រាជធានីភ្នំពេញ, ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១៖ ធនាគារ ស្ថាបនា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមធ្យោបាយកៀរគរការបរិច្ចាគ តាមរយៈ Sathapana Mobile ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការចូលរួមចំណែករក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះកុមារកម្ពុជា។ កិច្ចសហការនេះបានបន្តលើកកម្ពស់ការថែទាំសុខភាពកុមារដែលមកទទួលការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង។
លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ធនាគារ ស្ថាបនា ពិតជាមានភាពសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងការជួយកៀរគរការបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្រ្គោះដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។ ធនធានជាចម្បង គឺជាផ្នែកមួយនៃគុណតម្លៃរបស់ធនាគារ ស្ថាបនា ដែលយើងតែងយកចិត្តទុកដាក់ចំពោះបុគ្គលិក ជាពិសេសចំពោះកុមារដែលនឹងក្លាយជាទំពាំងស្នងឬស្សី។ តាមរយៈ Sathapana Mobile អតិថិជននិងបុគ្គលិកទាំងអស់អាចធ្វើការបរិច្ចាគ ដោយសុវត្ថិភាពនិងងាយស្រួលទៅដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ យើងសូមលើកទឹកចិត្តដល់ក្រុមការងារ អតិថិជន និងសាធារណជនចូលរួមបរិច្ចាគទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានមានប្រសាសន៍ថា៖ “មូលនិធិគន្ធបុប្ផាកម្ពុជាគឺជាមូលនិធិផ្លូវការដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើគោលដៅតែមួយគត់ ដោយធានាថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង នឹងបន្តបេសកកម្មចម្បង ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះកុមារនៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង”។

ក្នុងខែមិថុនា ឆ្នាំ២០២១ មានកុមារចំនួន ២០ ៣០៨ នាក់ ដែលបានមកពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ហើយ ចំនួននេះមានការកើនឡើងចំនួន ១ ៤៩៣ នាក់ បើធៀបនឹងកុមារ ១៨ ៨១៤ នាក់ ដែលបានទៅពិនិត្យព្យាបាលកាលពីខែឧសភា ឆ្នាំ២០២១។ ក្នុងនោះមានកុមារចំនួន ៣ ៨២៤ នាក់ ត្រូវបានដាក់ឱ្យនៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានកុមារចំនួន ១ ១៨១ នាក់ ត្រូវបានទទួលការវះកាត់ និងកុមារចំនួន ៣១ នាក់ បានទទួលការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។ លើសពីនេះទៀតមានស្រ្តីមានផ្ទៃពោះចំនួន ៣ ៨៩៥ នាក់ ដែលបានមកពិនិត្យតតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៣៩៣ នាក់។
យើងស្វាគមន៍អតិថិជនអ្នកប្រើ Sathapana Mobile ទាំងអស់ចូលរួមបរិច្ចាគយ៉ាងងាយស្រួលដោយអនុវត្តតាមជំហានដូចខាងក្រោម៖
១. សូមចូលទៅកាន់ Sathapana Mobile ហើយចុចលើប៊ូតុង “ទូទាត់វិក្កយបត្រ”
២. សូមជ្រើសរើស “ការបរិច្ចាគ” ហើយចុចលើ “Cambodia Kantha Bopha Foundation”
៣. សូមជ្រើសរើសប្រភេទរូបិយប័ណ្ណ (ខ្មែររៀល ឬ ដុល្លារ)
៤. សូមវាយបញ្ចូលចំនួនថវិកាដែលលោកអ្នកចង់បរិច្ចាគ
៥. ជ្រើសរើសគណនីដែលអ្នកចង់ធ្វើការបរិច្ចាគ
៦. បន្ទាប់មកលោកអ្នកអាចបន្ថែមកំណត់សំគាល់ប្រសិនបើមានតម្រូវការ
៧. សូមត្រួតពិនិត្យព័ត៌មានលម្អិតឡើងវិញបន្ទាប់មកចុចពាក្យ “បញ្ជាក់”
៨. ចុងក្រោយបញ្ចូលលេខសំងាត់ និងជ្រើសរើសពាក្យថា “ទូទាត់” ជាការស្រេច
លោកអ្នកដែលមិនទាន់ជាអតិថិជនស្ថាបនា ក៏នៅតែអាចចូលរួមបរិច្ចាគដល់ មូលនិធិគន្ធបុប្ផាកម្ពុជាបាន ដោយគ្រាន់តែទាញយកកម្មវិធី Sathapana Mobile រួចបង្កើតគណនីអនឡាញភ្លាមៗយ៉ាងស្រួល។
អំពីមូលនិធិគន្ធបុប្ផាកម្ពុជា
មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជា “បរធនបាលកិច្ច” ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស។មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានាសំដៅធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចដំណើរការជាប្រក្រតីប្រកបដោយនិរន្តរភាព ដើម្បីចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារកនិងកុមារ ដែលជាអាទិភាពចម្បងមួយក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ព៌ត័មានបន្ថែម៖www.ckf.org.kh
អំពីធនាគារស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍៣ទីតាំង និងអេធីអឹមជាង ២៣០ កន្លែង ទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញ ដូចជាដាក់ប្រាក់ដកប្រាក់និងទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន៖ សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរសព្ទដៃ បណ្ណឥណពន្ធ និងឥណទានសេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះធនាគារមានការផ្តល់សេវាកម្ម ប្រមូលពន្ធគ្រប់ប្រភេទការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់ តាមរយៈទូរសព្ទ រួមមានវីងផាយផេទ្រូម៉ាន់នីលីហួរវេរលុយអ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាព ងាយស្រួលនិងឆាប់រហ័ស។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile៕