ភ្នំពេញ ៖ បើយោងតាមស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត បានបញ្ជាក់ជាមួយអ្នកសារព័ត៌មានថា ការផាក ពិន័យកំហុសចរាចរណ៍នៅលើដងផ្លូវ ក្នុងរាជធានីភ្នំពេញ នៅតែបន្តអនុវត្តដដែល ដោយឯកឧត្តម បានបញ្ជាក់ថា ការផាកពិន័យនេះក្នុងន័យមួយឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា។

ឯកឧត្តម ស ថេត បានបន្តថា ទាក់ទិនទៅនឹងការផាកពិន័យនេះដែរ លោកបានណែនាំឲ្យមន្ត្រីអនុវត្តច្បាប់រក្សាគម្លាត និង មានឯកសណ្ឋានត្រឹមត្រូវ ពាក់ម៉ាសដើម្បីការពារកូវីដ១៩ និងនៅឲ្យឆ្ងាយពីប្រជាពលរដ្ឋ ដែលរងការផាកពិន័យនេះ។
គួរបញ្ជាក់ថា របាយការណរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការ ររឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅដំណាច់ខែមិថុនា ឆ្នាំ ២០២១ ចំនួនគោលដៅសរុប ១៥៣ គោលដៅមានយានយន្តចូល គោលដៅចំនួន ៨.៧៩៦ គ្រឿង ម៉ូតូ ៥.៥៦៦ គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៥៤ គ្រឿង មានម៉ូតូ ចំនួន ៦២១ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩. អន ក្រ . បក នៅទូទាំងប្រទេស ។

ដោយឡែក ក្នុងរយៈពេល ៣០ ថ្ងៃ ( ថ្ងៃ ទី ០១-៣០ ខែមិថុនា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមាន ចំនួន ១៩១.៧៩៦ គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ២០.៥១០ គ្រឿង មាន ម៉ូតូចំនួន ១៥.៨៩៣ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អន ក្រ . បក នៅទូទាំងប្រទេស៕
រក្សាសិទ្ធិដោយ៖CEN