ភ្នំពេញ ៖ មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពីតារាពហុជំនាញវ័យក្មេងគឺ នាយ ព្រែក ដែលធ្លាប់បានភ្ជាប់ពាក្យជាមួយអតីតគូដណ្តឹងមានរូបឆោមដ៏ស្រស់ស្អាតម្នាក់ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ ប៉ុន្តែ បន្ទាប់ភ្ជាប់ពាក្យ បន្តបង្កើតជីវិតស្នេហានិងគ្នាឲ្យកាន់តែផ្អែមល្ហែមឡើង នៅទីបំផុត អ្នកទាំងពីរក៏លេចឮថា បានចែកផ្លូវគ្នាបាត់។

ពិតណាស់ ទន្ទឹមនោះ គូដណ្តឹងនាយ ព្រែក ដែលមានឈ្មោះ ជា ស្រីតី បានបង្ហោះ សារទម្លាយដំណឹងបែកបាក់ថា « កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឲ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធន៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life»។
តែទោះយ៉ាងណា ក្រោយចែកផ្លូវគ្នាជាមួយគូដណ្តឹងរួចមក គឺថាកាលពីពេលកន្លងទៅថ្មីៗនេះ អតីតតារាកំប្លែង និងជាពិធីករកំពុងល្បីឈ្មោះរូបនេះ ស្រាប់តែបានបញ្ចេញរូបថតបង្ហាញភាពស្និទ្ធស្នាល ជាមួយនារីវ័យក្មេងម្នាក់ទៀត ដែលគេស្គាល់ឈ្មោះថា ស្រីនាថ ធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលរហូតនាំគ្នាគិតថាអ្នកទាំងពីរច្បាស់ណាស់ កំពុងតែមានសម្ព័ន្ធភាពអ្វីនឹងគ្នាហើយ។

ជាក់ស្តែង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វីដេអូខ្លីមួយកាន់តែច្បាស់ខ្លាំង ក៏បានបង្ហាញនាយ ព្រែក និងកញ្ញា ឈិន មុន្នីនាថ កំពុងសាសងស្នេហាញញឹមរកគ្នាយ៉ាងផ្អែមល្ហែម ដោយពេលនោះនាយព្រែក បានចាប់ដៃគូស្នេហ៍ថើប ធ្វើឲ្យនាងអៀនឡើងក្រហមមុខតែម្តង ខណៈពេលពួកគេកំពុងសម្រាកពីការងារ។ គួរបញ្ជាក់ថា វីដេអូឃ្លីបខ្លីនេះ ត្រូវបានលួចថតដោយកញ្ញា សុភ័ក្ត្រ កុសុម៉ា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












