Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បញ្ជូនជនសង្ស័យដែលត្រូវជាឪពុកចុង វាយសម្លាប់កុមារីអាយុ២ឆ្នាំ ទៅកាន់តុលាការ

ភ្នំពេញ ÷ ជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន លេីករណីអំពើឃាតកម្ម វាយ និងយកជង្គង់អុកលើដើមទ្រូងបណ្តាលឲ្យស្លាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។

ជនសង្ស័យឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន។

ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ ០២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង១៥នាទី នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ និងជនសង្ស័យជាឪពុកចុង បាននៅក្នុងផ្ទះជួលតែ ០២ នាក់ ខណៈនោះជនរងគ្រោះបានវាយក្បាល និងយកជើងធូបចាក់ភ្នែកជនសង្ស័យ ភ្លាមនោះជនសង្ស័យ ខឹងក៏បានចាប់ជនរងគ្រោះ វាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូង បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បាននាំជនរងគ្រោះទៅឲ្យជីតារបស់ជនរងគ្រោះឈ្មោះ ម៉ី ថុល ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ដោយភូតកុហកថា រូបគេរអិលជើងដួល ក្នុងបន្ទប់ទឹក សង្កត់លើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ ហើយឈ្មោះ ម៉ី ថុល ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះ ឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់លើ ដូចការអះអាងរបស់ជនសង្ស័យនោះទេ ពេលនោះសមត្ថកិច្ចយើងបាននាំខ្លួន ជនសង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ រយៈពេលយ៉ាងយូរ ទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។ បន្ទាប់មកឈ្មោះ ផុន សុខហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច បានមកដាក់ពាក្យបណ្ដឹង នៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះឈ្មោះ នន ស្រីនិច បានប្រគល់ឲ្យម្ដាយឈ្មោះ ផុន សុខហាក់ យកទៅធ្វើបុណ្យនៅវត្តសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម

×