សារព័ត៌មានថៃ Sanook បានដកស្រង់ប្រភពពីហ្វេសប៊ុកគ្រូពេទ្យម្នាក់ ដែលបានបង្ហោះរូបភាពបង្ហាញ បុគ្គលិកពេទ្យ ជួយសង្គ្រោះបឋមទៅដល់អ្នកគ្រូពេទ្យម្នាក់ ដែលបានដួលសន្លប់នៅក្នុងមមន្ទីរពេទ្យ និងបាននិយាយថា អ្នកគ្រូពេទ្យនោះបានដួលបែបនេះ គឺបន្ទាប់ពីគាត់បានចេញពីបន្ទប់មើលថែអ្នកជំងឺកូវីដ ដែលបណ្តាលមកពីការពាក់សម្លៀកបំពាក់ការពារ PPE មានរយៈពេលច្រើនម៉ោងពេក។

គ្រូពេទ្យខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា អ្នកគ្រូគ្រូពេទ្យម្នាក់នេះ គាត់បានចូលរួមប្រយុទ្ធប្រឆាំង គឺចាប់តាំងពីមានការផ្ទុះរីករាលនៃជំងឺកូវីដ១៩ លើកដំបូងមកម្ល៉េះ។ ហើយរហូតមកទល់ពេលនេះ វានៅតែជាបញ្ហាដដែល ដែលធ្វើឲ្យបុគ្គលិកពេទ្យ មិនមានគ្រប់គ្រាន់ ក្នុងការមើលថែអ្នកជំងឺដ៏ច្រើន នាពេលបច្ចុប្បន្ននេះ។
លោកគ្រូពេទ្យនោះ ក៏បានឲ្យដឹងទៀតថា នៅក្នុងអគារមួយមានអ្នកជំងឺកូវីដចំនួន ១៤ នាក់ គឺមានគ្រូពេទ្យមិនដល់ ១០ នាក់ ទេ ដែលត្រូវទទួលបន្ទុកការងារថ្មីរៀងរាល់ថ្ងៃ ដោយធ្វើការ ៤ ទៅ ៥ វេន ជាប់គ្នា។ ហើយជាក់ស្តែង ថ្ងៃនេះ គឺមានគ្រូពេទ្យម្នាក់របស់យើងបានដួលសន្លប់ហើយ បន្ទាប់ពីគាត់បានចេញពីបន្ទប់មើលថែអ្នកជំងឺ ស្ថិតក្នុងឈុតសម្លៀកបំពាក់ PPE ។

ការផុសនេះ ត្រូវបានចែករំលែកឡើងវិញរាប់ពាន់ដងក្នុងពេលតែមួយ ជាមួយនិងមតិរិះគន់ អំពីបញ្ហាកង្វះនូវបុគ្គលិកពេទ្យជួរមុខ ស្របពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលនៅតែបន្តកើនឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




