ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជបានទទួលជ្រាបរួចហើយ ទាក់ទងរឿងដ៏ភ្ញាក់ផ្អើលថ្មីមួយ គឺគ្រូអនឡាញរហស្សនាម «គ្រូមហាជ័យ» ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងក៏ត្រូវបានផ្តល់គោរម្យងារជាបុណ្យមីត្រៃលោកនាថមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នៃព្រះរាជាណាចក្រកម្ពុជា។

តែដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទន្ទឹមនឹងថ្ងៃតែងតាំងគ្រូមហាជ័យរូបនេះផងដែរ គេក៏បានឃើញអ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់ទៀតគឺ ម៉ែរួយ ក៏លេចមុខត្រូវបានព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់នាងខ្ញុំជាទីប្រឹក្សាផ្ទាល់ និងមានគោរម្យងារជានារីរិទ្ធិទេវីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ពិតណាស់ គឺក្រោយឃើញសម៉ីខ្លួនអ្នកទាំងពីរបានបង្ហោះពីការតែងតាំងនេះឡើង ក៏ស្រាប់តែមហាជនយ៉ាងច្រើន បានសម្តែងការមិនពេញចិត្តសោះឡើយ ដោយក្នុងនោះអ្នកខ្លះរហូតនិយាយទាំងហួសចិត្តបែបនេះថា៖ «អាត្មាអញ! ដេកគិត ដើរគិត អង្គុយគិត ជុះគិតនៅតែមិនយល់ អាម៉េចបានគណសង្ឃធម្មយុត្តិមួយទាំងមូល រកព្រះសង្ឃធ្វើទីប្រឹក្សាមិនបាន បែរជាយកអ្នកលក់ឡេនិងគ្រូមហាជោគនេះមកធ្វើទីប្រឹក្សាវិញ? គិតទៅសម្បត្តិត្រឹមអ្នកលក់ឡេអនឡាញ និងទស្សទាយជោកជាំ ក៏អាចក្លាយជាទីប្រឹក្សាស្តេចសង្ឃស្រុកខ្មែរបាន រឿងអីដែលធម៌ព្រះពុទ្ធមិនរលាយ»។

តែទោះយ៉ាងណា ក្រោយពីបានឃើញមនុស្សមួយចំនួនធំ នាំគ្នារិះគន់ជាហូរហែបែបនេះ ស្រាប់តែពេលនេះ ម៉ែរួយ បានចេញមកឆ្លើយតបដោយបានបង្ហោះសារយ៉ាងខ្លីខ្លឹមបែបនេះថា៖ «ពៀររម្ងាប់ដោយការមិនចងពៀរ ចង់មានចង់បានត្រូវប្រឹងរកសុី អត់មានលុយធ្លាក់មកពីលើមេឃទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







