ភ្នំពេញ ៖សារធាតុញៀនគ្រប់ប្រភេទជាង ៨០០គីឡូក្រាម ត្រូវបានរឹបអូស និងមនុស្សជាង ៧ពាន់នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងអាវុធវែងខ្លីជាង ២០ដើម នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេល ៦ខែ ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ បង្ក្រាបបានសរុប ៣១៩៣ករណី ឃាត់ខ្លួនមនុស្សចំនួន ៧១៦០នាក់ (ស្រី ៣៨១នាក់) ក្នុងនោះមានជនបរទេសចំនួន ១២០នាក់ (ស្រី ១០នាក់) មាន ៨សញ្ជាតិ។
របាយការណ៍ដដែលបានបន្តថា ក្នុងករណីបង្ក្រាប ៣១៩៣ករណី គឺមានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ចំនួន ២០៩៧ករណី ឃាត់ខ្លួនមនុស្សចំនួន ៤១២០នាក់(ស្រី ២៩០នាក់) និងករណីដាំដុះ ២៥ករណី ឃាត់ ៦នាក់(ស្រី ៣នាក់)។
ករណីប្រើប្រាស់ ១០៧១ករណី ឃាត់ខ្លួនមនុស្ស ៣០៣៤នាក់ (ស្រី ១២១នាក់) និងអនុវត្ដន៍ដីកាចំនួន ២១៧ដីកា ឃាត់ខ្លួនមនសុ្ស ២០៣នាក់ (ស្រី ៧នាក់)។ សារធាតុញៀនគ្រប់ប្រភេទដកហូតបានចំនួន ៨១៨គីឡូក្រាម៧៤៤,៩៥ក្រាម និងកញ្ឆា ១៤,៤១០ដើម កញ្ឆាស្ងួត៦៣គីឡូក្រាម១១០,៩៥ក្រា។ សម្ភារៈចាប់យកមាន រថយន្ដ ៤៧គ្រឿង ម៉ូតូ ៨១៨គ្រឿង ទូរស័ព្ទ ២៧៨១គ្រឿងជញ្ជីង ១៣៣គ្រឿង អាវុធខ្លី ៥ដើម អាវុធវែង ១៨ដើម (កែច្នៃ១១ដើម)។ លុយខ្មែរ ៨,៩៨៧,៤០០ រៀល, លុយអាមេរិច ១,២៦៦ដុល្លារ, លុយថៃ២៤,១២០បាត និងលុយវៀតណាម ២១,០០០ ដុង៕ រក្សាសិទ្ធិដោយៈ ចេស្តារ





