ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ១៨៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១២៧៣លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧២០នាក់ និងរបួសចំនួន ១៨០៣នាក់ ក្នុងនោះធ្ងន់ចំនួន ១០៥៤នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ៣នាក់ និងរបួស ៩នាក់ ក្នុងនោះធ្ងន់ ៦នាក់ និងស្រាល ៣នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៨៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០៧៣៧៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៨៩២៣គ្រឿង និងរថយន្តចំនួន ២៨៤៥៦គ្រឿង ក្នុងនោះរថយន្តតូច ២១៩៩២គ្រឿង និងធំ ៦៤៦៤គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ




